ឯកឧត្តម​ អ៊ុន​ ចាន់ដា​៖​ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ​​ខេត្ត​កំពង់ចាម​ នឹងចាក់​ជូន​ពលរដ្ឋ​ស្ម័គ្រចិត្ត​ ក្នុង​១ខែ​ ១៨​ម៉ឺន​នាក់​ រយៈពេល​១០ខែ​​

0

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ បាន​អះអាង​ថា​ ​អនុគណកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ខេត្តកំពង់ចាម​ បាន​រៀបចំ​ក្រុម​គ្រូពេទ្យ​ ចំនួន​៤១ក្រុម​ ​​បេីក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ចំនួន​២៩ទីតាំង​ នៅ​រដ្ឋបាល​ក្រុង​-ស្រុក​ និង​មន្ទីរពេទ្យ​បង្អែក​ ឬ​មណ្ឌល​សុខភាពនានា​ នៅទូទាំង​ខេត្ត​កំពង់ចាម​ ចាប់ពី​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ទៅ​​ ​ដែល​ត្រូវ​​ប្រេីប្រាស់​រយៈពេល​១០ខែ​ ដោយ​ក្នុង​១ខែ​ ចំនួន​១៨ម៉ឺន​នាក់​ ​ស្មេី​នឹង​៦០០០នាក់​ក្នុង​១ថ្ងៃ​ ចំពោះ​ប្រជាពលរដ្ឋដែល​ស្ម័គ្រចិត្ត​​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​បេីក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ជំហាន​ទី​២​ នៅ​រដ្ឋបាល​ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ ។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ ដោយសារស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមិនទាន់មានការថមថយ ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះ​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា​ ទេីបសម្រេច​ឲ្យ​ធ្វើ​ការបញ្ជាទិញវ៉ាក់សាំង ដេីម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋនោះ​ ។ ចំពោះ​យុទ្ធនាការចាក់វ៉ាក់សាំងលើកទី២ នេះ ខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំង​ពី​រាជរដ្ឋាភិបាល​ ចំនួន ៣៩.០០០ដូស សម្រាប់​ចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋស្ម័គ្រចិត្ត ចំនួន ១៨.០០០នាក់ ក្នុង​១ថ្ងៃ​ចាក់ជូន​​៦០០នាក់​ ដែល​ត្រូវ​អនុវត្ត​​ត្រឹម​រយៈពេល​១ខែ​ប៉ុណ្ណោះ​ ហើយ​ត្រូវ​ផ្តល់​ជូន​​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ ដោយ​ឥតគិតថ្លៃ​ ជា​បន្តបន្ទាប់​ទៀត​ ។

ជាមួយ​គ្នានោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​សំណូមពរ​ដល់​អ្នក​ស្ម័គ្រចិត្ត​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ទាំងអស់​ សូម​ឲ្យ​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ ជៀសវាង​ពេល​ទទួល​វ៉ាក់សាំង​ហើយ​ តែបែរជា​​បាត់បង់​ប្រសិទ្ធភាព​ថ្នាំជា​អាសាបង់​ទៅ​វិញ​ ជាពិសេស​ត្រូវ​បន្ត​ការ​ប្រុងប្រយ័ត្ន​ ដោយ​ត្រូវ​អនុវត្ត​តាម​សារ​អប់រំ​ពិសេស​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏ដូចជា​ក្រសួង​សុខាភិបាល​ ​​នូវ​តាម​វិធានការ​ ៣​ការពារ​ ៣កុំ​ ផងដែរ​ ៕