ម្ចាស់ផ្ទះឃើញទាន់ស្រែកឆោឡោរត់ចោលម៉ូតូនិងរទេះអូសយករួចខ្លួនខណះចូលលួចលើកទី២មិនបានសម្រេច

ខេត្តបាត់ដំបង÷សមត្ថកិច្ចបានឲ្យដឹងថា:ក្រុមចោរដែលមានគ្នា២នាក់ត្រូវបានរត់ចោលម៉ូតូនិងរទេះអូសយករួចខ្លួនខណ:ដែលម្ចាស់ផ្ទះបានឃើញទាន់ហើយស្រែកឆោឡោនាំគ្នាដេញផ្អើលអ្នកស្រុកទាំងយប់។សមត្ថកិច្ចបន្តថា:ករណីប៉ុនប៉នលួចយកទ្រព្យសម្បត្តិខាងលើនេះបានកើតឡើងនៅវេលារំលងអាធ្រាត្រម៉ោងប្រមាណជាង២:០០នាទីថ្ងៃទី២ខែមេសាឆ្នាំ២០២១នៅត្រង់ចំណុចភូមិសូភី២សង្កាត់រតន:ក្រុងបាត់ដំបងខេត្តបាត់ដំបង។
ម្ចាស់ផ្ទះជនរងគ្រោះមានឈ្មោះ(ភារម្យ)អាយុជាង៣០ឆ្នាំរស់នៅភូមិសង្កាត់កន្លែងកើតហេតុខាងលើបានបញ្ជាក់ឲ្យដឹងដែរថាជនសង្ស័យកាលថ្មីៗកន្លងមកនេះបានចូលលួចផាលត្រាក់ទ័ររបស់ខ្លួនបានម្តងរួចហើយរហូតដល់យប់កើតហេតុជនសង្ស័យដែលមានបក្សពួកចំនួន២នាក់បានផ្លោះរបងចូលផ្ទះរបស់ខ្លួនម្តងទៀតហើយបានប្រមូលយកគ្រឿងត្រាក់ដាក់ក្នុងការ៉ុងប្រុងជញ្ជូនយកចេញដើម្បីដាក់លើរទេះអូសប៉ុន្តែត្រូវបានខ្លួនឃើញទាន់ក៏ស្រែកឆោឡោឡើងបណ្តាលឲ្យជនសង្ស័យផ្អើលរត់ចោលម៉ូតូនិងរទេះអូសនៅកន្លែងកើតហេតុតែម្តង។ក្រោយពីក្រុមចោរទាំង២នាក់រត់ចោលម៉ូតូនិងរទេះអូសកម្លាំងសមត្ថកិច្ចនៃអធិការក្រុងបាត់ដំបងបានយកវត្ថុតាងខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបណ្តោះអាសន្ននិងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យទាំង២ដើម្បីនាំខ្លួនមកទទួលទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕សៅ សារិទ្ធ