អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក និងនាំយកអំណោយសប្បុរសជន ចុះសាកសួរសុខទុក្ខបងប្អូនពលករដែលធ្វើចត្តាឡីស័កតាមផ្ទះ នៅស្រុកតាំងគោក និងស្រុកបារាយណ៍

(រដ្ឋបាលខេត្តកំពង់ធំ): នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក និងនាំយកអំណោយសប្បុរសជន ចែកជូនបងប្អូនពលករដែលធ្វើចត្តាឡីស័កតាមផ្ទះដែលមានជីវភាពខ្វះខាត នៅស្រុកតាំងគោក និងស្រុកបារាយណ៍ ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានពន្យល់ដល់បងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ អំពីសារៈសំខាន់នៃការធ្វើចត្តាឡីស័ក និងច្បាប់ផ្សេងៗ នៃបទល្មើសនិងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រសិនបើបងប្អូនគេចវេសពីការធ្វើចត្តាឡីស័កនេះ គឺនឹងត្រូវមានទោសទណ្ឌទៅតាមច្បាប់ដែលបានកំណត់។

លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់បងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ សូមចូលរួមគោរពនូវវិធានការការពារនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា បីការពារ បីកុំ និងពីរចូលរួម និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសនៅក្នុងកំឡុងពេលនៃការធ្វើចត្តាឡីស័កនេះ បងប្អូន មិនត្រូវគេចវេសពីការធ្វើចត្តាឡីស័ក ឬពីទីកន្លែងធ្វើចិត្តាឡីស័ក ព្រមទាំងរក្សានៅគម្លាតសុវត្ថិភាពបុគ្គល រក្សាអនាម័យឱ្យបានជាប់ជានិច្ច ត្រូវលាងដៃនឹងសាប៊ូ ទឹកអាកុល ឬជែល ជាដើម ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

ក្នុងនោះឯកឧត្តម សុខ លូ ក៏បានសំណូមពរ ឲ្យអាជ្ញាធរស្រុក ឃុំ ភូមិ ទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ចំពោះបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក នៅគ្រប់ទីកន្លែងទាំងអស់ នឹងបន្តតាមដានការធ្វើចត្តាឡីស័ក ព្រមទាំងបន្តការចុះសាកសួរសុខទុក្ខបងប្អូនពលករឲ្យបានញឹកញាប់ផងដែរ។