ធ្វើចត្តាឡីស័ក១៤ថ្ងៃ មនុស្សពាក់ព័ន្ធ១៤៣នាក់ ទទួលលទ្ធផលវិភាគសំណាក អវិជ្ជមានកូវីដ-១៩ ទាំងអស់គ្នា

សៀមរាប៖ មនុស្សចំនួន១៤៣នាក់ ដែលពាក់ព័ន្ធទៅនឹងករណីរកឃើញវារ៉ុសកូវីដ-១៩ លើបុរសម្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ និងទទួលបានលទ្ធផលវិភាគសំណាក អវិជ្ជមានទាំងអស់គ្នា

តាមរយៈនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានបញ្ចេញឲ្យដឹងអំពីដំណឹងល្អ អបអរចំពោះអ្នកពាក់ព័ន្ធចំនួន១៤៣នាក់ ដែលបានសំរាកធ្វើចត្តាឡីស័កអស់រយៈពេល១៤ថ្ងៃកន្លងមកនោះ ត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយពីមន្ទីរសុខាភិបាលខេត្ត យកសំណាកទៅធ្វើតេស្ត៤ដង ពុំមានរកឃើញវិជ្ជមានកូវីដ-១៩ នោះឡើយ។

ក្រុមអ្នកបញ្ចប់ការធ្វើចត្តឡីស័កទាំងនោះ រួមមាននៅមន្ទីរសំរាកព្យាបាល ៧៧៧-សៀមរាប ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ មន្ទីរពហុព្យាបាលសុខភាព នៅភូមិតាភុល សង្កាត់ស្វាយដង្គំដូចគ្នា បន្ទប់ពិគ្រោះព្យាបាលជំងឺ ទូច កូ នៅភូមិទក្សិណត្បូង និង បន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់ ស្ថិតនៅភូមិគោកតាចាន់ ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប នៅយប់ថ្ងៃទី០៣ ខែមេសានេះ ក្នុងឱកាសចុះផ្ទាល់ ដើម្បីប្រកាសនិងប្រគល់ជូនសេចក្តីជូនដំណឹងខាងលើនេះ នៅមន្ទីរសំរាកព្យាបាល ៧៧៧ បានបញ្ជាក់បន្ថែមថា សេចក្តីជូនដំណឹងនេះ គឺជាការអនុញ្ញាតិឲ្យអ្នកជាប់ពាក់ព័ន្ធបន្ទាប់ពីបានធ្វើចត្តាឡីស័ក ត្រូវបានវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃបន្តទៀតតាមផ្ទះរៀងៗខ្លួន ព្រមទាំងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការដ៏មានប្រសិទ្ធភាពនៃសម្តេចតេជោ ៣កុំ និង៣ការពារ ដើម្បីរួមគ្នាកាត់ផ្តាច់ការចម្លងវារ៉ុសកូវីដ-១៩ ក្នុងសហគមន៍យើង។ លោកអភិបាលក្រុង បានបញ្ជាក់ច្បាស់ថា ទីតាំងសំរាប់ការសំរាកព្យាបាលឯកជនទាំង៤កន្លែងនេះ ពុំទាន់មានការអនុញ្ញាត ឲ្យបើកដំណើរការនោះឡើយ។

គួររំលឹកដែរថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មានករណីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើបុរសម្នាក់មានទីលំនៅនៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប គាត់បាននាំការចម្លងមកពីខេត្តកណ្តាល។ ទីតាំងសំរាកព្យាបាលទាំង៤កន្លែងខាងលើ មានជាប់ពាក់ព័ន្ធផ្ទាល់ជាមួយបុរសវិជ្ជមានកូវីដ-១៩រូបនោះ។ រដ្ឋបាលខេត្តបានសម្រេចដាក់ចេញ នូវវិធានការបិទទីតាំងទាំងនោះមិនឲ្យដំណើរការ និងដាក់អ្នកពាក់ព័ន្ធធ្វើចត្តាឡីស័កក្នុងទីតាំងសំរាកព្យាបាលនោះតែម្តង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ -១៩ ក្នុងខេត្តសៀមរាប ព្រោះថា ករណីនេះ វាជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕