ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងក្រុងស្ទឹងសែន នាំយកថវិកាបេឡាមរណៈសង្គ្រោះ ក្នុងពិធីបុណ្យសពអតីតយុទ្ធជនពិការ និងបាននាំយក ជំនួយស្បៀងអាហាររបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ា ណែត ចូលរួមក្នុងពិធីបុណ្យសព អតីតយុទ្ធជនពិការ នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីល្ងាចថ្ងៃទី ៥ ខែមេសាឆ្នាំ ២០២១ បាននាំយកនូវថវិកាបេឡាមរណៈសង្គ្រោះ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន 4លានរៀល បានទៅចូលរួមពិធីបុណ្យសព លោកប៉ែន ចាន់ អាយុ ៨៦ ឆ្នាំ អតីតយុទ្ធជនពិការ បានទទួលមរណភាពដោយរោគាពាធ ។ 
ឧត្តមសេនីយ៍ទោសោម ស៊ុន បានចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារនៃសព និងបានបញ្ជាក់ថា ថវិកាបេឡាមរណៈសង្គ្រោះ គឺជាការផ្តួចផ្ដើមឡើង របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសម្រួលដល់ការលំបាករបស់ក្រុមគ្រួសារសព និងបាននាំយកនូវអំណោយរបស់ឯកឧត្តមហ៊ុន ម៉ាណែត និងលោកជំទាវ ចូលរួមក្នុងពិធីបុណ្យសពនេះ មានអង្ករចំនួន ៥០ គ.ក មីចំនួនពីរកេះ និងថវិកាមួយចំនួនផងដែរ ។ 
ឧត្តមសេនីយ៍ទោសោម ស៊ុន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្នការពារខ្លួនជៀសផុតពីជំងឺកូវីដ19 ដែលកំពុងមានការឆ្លងរាលដាលដ៏កាចសាហាវនេះ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបាននូវវិធានការ 3 កុំ និង 3 ការពាររបស់សម្ដេចតេជោហ៊ុនសែន និងបានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារព្រមទាំងប្រជាពលរដ្ឋដែលមានហានិភ័យខ្ពស់អញ្ជើញទៅចាក់វ៉ាក់សាំងការពារមេរោគកូវីដ19 ឲ្យបានគ្រប់គ្នា ។ 
ក្រុមគ្រួសារអតីតយុទ្ធជន និងអាជ្ញាធរដែនដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោហ៊ុនសែនដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជាដើម្បីជួយដោះស្រាយរាល់ការលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ។
ដោយ ប៊ុន រដ្ឋា




































