ល្បែងជល់មាន់ និងអាប៉ោងនៅស្រុកអូរជុំនៅតែបន្តលេងយ៉ាងគគ្រឹកគគ្រេង ផ្គើនទៅនឹងបទបញ្ជារបស់ក្រសួងសុខាភិបាលនិងបទបញ្ជារបស់ ឯកឧត្តម អភិបាលខេត្ត

ខេត្តរតនគិរី៖ បើទោះជាមានការហាមប្រាម រឹតបន្តឹងពីឯកឧត្ដមអភិបាលខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ មិនឲ្យមានការជួបជុំគ្នាយ៉ាងណាក៏ដោយ នៅក្នុងស្រុកអូរជុំនេះ នៅតែបន្តការលេងល្បែងស៊ីសងជល់មាន់យ៉ាងអនាធិបតេយ្យ អាជ្ញាធរមូលដ្ឋាន ហាក់មិនគោរពតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្តនោះឡើយ។

ជាក់ស្តែងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ទីតាំងបញ្ជល់មាន់ និងអាប៉ោង មួយកន្លែងស្ថិតនៅក្នុងភូមិណងឡិ ឃុំអូរជុំ ស្រុកអូរជុំ ត្រង់ចំណុចក្នុងចម្ការស្វាយចន្ទី ត្រូវបានអ្នកព័ត៌មានយើងចុះទៅថតយករូបភាព ហើយរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ប៉ុន្តែបែជាអ្នកលេងល្បែងទាំងនោះ ហាក់ដឹងខ្លួនភ្លាមៗ នាំគ្នាបំបែកហ្វូង មិនបាច់ចាំសមត្ថកិច្ចចុះទៅដល់នាំពិបាកនោះទេ។ ហើយមេក្លោងបើកកន្លែងបញ្ជល់មាន់ និងចាក់អាប៉ោងនោះ ត្រូវបានគេឈ្មោះ ពិសី ជាមន្ត្រីនគរបាល នៅស្នងការនគរបាលខេត្តរតនគិរី និងឈ្មោះ បារាំង។

បើយោងតាមសេចក្ដីរាយការពីប្រជាពលរដ្ឋក្នុងស្រុកអូរជុំ បានឲ្យដឹងថា ក្នុងស្រុកអូរជុំ គេតែងតែឃើញអ្នកលេងល្បែងជល់មាន់ លេងជារាងរាល់ថ្ងៃ ច្រើនខែមកហើយ។ ពួកគេតែងតែបំលាស់ទីតាំងជាច្រើនកន្លែងក្នុងស្រុកអូរជុំ ហើយមានមនុស្សអូរអច្រើនណាស់ មិនមែនសមត្ថកិច្ចមិនដឹងនោះទេ។

ពួកគាត់បន្តទៀតថា កុំថាសមត្ថកិច្ចគេមិនដឹងនោះ គេថែមទាំងស្គាល់ថា មេក្លោងបើកសង្វៀនជល់មាន់នោះជាអ្នកណាទៀតផង។

ចាប់តាំងពីមានការផ្ទុះរីករាលដាលនូវជំងឺកូវីដ១៩ ក្នុងសហគមន៍ ២០កម្ភៈ មក អាជ្ញាធរខេត្ត ដែលមានឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី បានខិតខំយកចិត្តទុកដាក់ ឲ្យអាជ្ញាធរមូលដ្ឋានពង្រឹងការយកចិត្តទុកដាក់ ហាមប្រាមកុំឲ្យមានការជួបជុំគ្នា រក្សាគម្លាត ពាក់ម៉ាស់ជាប្រចាំ លៀងដៃជាមួយអាល់កុល តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ៣កុំ ៣ការពារ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋបាលខេត្តក៏បានចេញសេចក្ដីណែនាំ ស្ដីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកាសជាសាធារណៈ ជូនដល់សាធារណៈជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ភូមិស្រុក ក្រុង នៅទូទាំងខេត្ត ជាពិសេស ការជួបជុំ ប្រមូលផ្ដុំគ្នា គ្រប់កម្មវិធី តែផ្ទុយទៅវិញ នៅស្រុកអូរជុំ ខេត្តរតនគិរី គេសង្កេតឃើញល្បែងបញ្ជល់មាន់ ចាក់អាប៉ោងជួបជុំគ្នាយ៉ាងគគ្រឹក គគ្រេង ចំណែកសមត្ថកិច្ច ស្រុកអូរជុំ និងអាជ្ញាធរស្រុក បែជាមិនដឹងមិនលឺ ហាក់មានចេតនាផ្កើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល បទបញ្ជារបស់ក្រសួងមហាផ្ទៃ ពិសេសគឺបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ថង សាវុន អភិបាលខេត្តររនគិរីតែម្តង៕