(ព្រះវិហារ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ធការលយ័សម្តេចតេជោហ៊ុនសែន នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខសំណេះសំណាល ព្រមទាំងនាំយកអំណោយឧបត្ថម្ភដល់នាយ និងពលទាហាន ជាអង្គភាពសម្ព័ន្ធមេត្រី វរសេនាតូចអន្តរាគមន៍លេខ៣៨៥ ចំណុះទីបញ្ជាការកងពលតូចលេខ៨ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ នៅក្នុងទិសទី១ ប្រាសាទព្រះវិហារ មុនឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិ។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចតែងគិតគូរយកចិត្តទុក្ខ ដាក់ជានិច្ចពីសុខទុក្ខ និងការរស់នៅរបស់កងទ័ព និងគ្រួសារកងទ័ព។
ជាមួយគ្នានោះ ឯកឧត្តមក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម ប្រាក់ វណ្ណឌី ក៏ដូចជាសមាជិក ក្រុមជំនួយការ និងអង្គភាពសម្ព័ន្ធមេត្រីផ្សេងទៀតដូចជាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ធានាគារកាណាឌីយ៉ាផងដែរ។
បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណតាមរយៈឯកឧត្តម ផាន និម្មិត ជូនចំពោះឯកឧត្តម នាយកខុទ្ទកាល័យសម្តេចតេជោ ដែលជានិច្ចជាកាលឯកឧត្តមតែងគិតគូរដើម្បីឲ្យការមកសួរសុខទុក្ខនេះបានធ្វើជាទៀងទាត់មួយឆ្នាំ៣ដង។
ឯកឧត្តម បានបញ្ជាក់បន្តថា វ៉ាក់សាំងការពារទោះបីបានចាក់ហើយក៏នៅតែឆ្លងដែរ បើយើងមិនបានអនុវត្តន៍វិធានការការពារឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ សម្តេចតេជោហ៊ុន សែន គឺ «៣កុំនិង៣ការពារ» ដែលជាវិធានការដ៍មានប្រសិទ្ធិភាពខ្ពស់បំផុត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក្នុងនាមអង្គភាពសម្ព័ន្ធមេត្រី ឯកឧត្តមបានផ្តល់ថវិកា ចំនួន៥០០០ដុល្លារ សម្រាប់កសាងអង្ភភាព ផ្តល់សេរ៉ូម និងចែកជូនកងទ័ពក្នុងម្នាក់ៗថវិកា ១៦ម៉ឺនរៀលផងដែរ៕សួនលីណា