កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមជាមួយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង គ្រប់គ្រងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បើកប្រតិបត្តិការស្រង់យកខ្មោចនាវាចម្បាំង១គ្រឿង និងគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ប្រមាណជាង១៦តោន ដែលបានលិចក្នុងទន្លេមេគង្គ កាលពីសម័យសង្គ្រាមនាទសវត្សរ៍ឆ្នាំ១៩៧០ ស្ថិតនៅក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមានទាំងបំណែកឆ្អឹងសពទាហាន និងរបស់របរមួយចំនួនផងដែរ ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានថ្លែងថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ហើយចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវាជាមោទនភាពមួយទៀតសម្រាប់កម្ពុជា។
ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានឲ្យដឹងថា ប្រតិបត្តិការណ៍ស្រង់នាវាចម្បាំងនេះ មានគ្រាប់ប្រមាណ៩០ភាគរយ ដែលមានសភាពល្អ មិនទាន់ផ្ទុះ នឹងត្រូវដោះបន្សាប ដោះបន្សាបសម្រាប់ទុកដាក់តាំងក្នុងសារមន្ទីរ ដោយឡែក សល់បំណែកគ្រាប់១០%ទៀត ដែលជាគ្រាប់ខូច ពុកផុយ មិនអាចធ្វើការដោះបន្សាបបាន ដែលត្រូវធ្វើការកំទេចចោល។ ក្នុងប្រតិបត្តិការណ៍នេះដែរ កងកម្លាំងជំនាញបានខិតខំប្រឹងប្រែង ក្នុងស្ថានភាពស្មុគ្រស្មាញ និងប្រឈមគ្រោះថ្នាក់បំផុត ក្នុងការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានសរុបប្រមាណជាង១៦តោន ហេីយតាមការសន្និដ្ឋានចំនួន មនុស្សដែលស្លាប់មានប្រមាណចាប់ពី៥ទៅ៨នាក់ក្នុងនាវាមួយនេះផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមការងារបច្ចេកទេសទាំងអស់ រួមនឹងអាជ្ញាធរពាក់ព័ន្ធ ដែលបានចូលរួមក្នុងសកម្មភាព ដោយប្រុងប្រយ័ត្ន និងធានាបាននូវសុខសុវត្ថិភាព រហូតសម្រេចបានជោគជ័យដ៏ធំធេងនេះ ៕