ស្ថានភាពស្រុកចំនួន២​ ដែលជាប់ព្រំប្រទប់ខេត្តមណ្ឌលគិរី​ និងខេត្តស្ទឹងត្រែងមានលក្ខណៈស្ងប់ស្ងាត់បន្ទាប់ពីមានការបិទមិនអោយមានការចេញ-ចូលក្នុងខេត្តរតនគិរី

រតនគិរី : គិតត្រឹមរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ការបិទការធ្វើដំណើរចេញ-ចូលខេត្តរតនគិរី នៅស្រុកលំផាត់ជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី និងស្រុកកូនមុំជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង គឺស្ថានភាពមានលក្ខណៈស្ងប់ស្ងាត់ មិនមានការចរាចរណ៍ចេញចូលនោះទេ។ ហេីយការបិទការធ្វើដំណើរចេញចូលខេត្តរតនគិរីនេះ ត្រូវបានធ្វើឡើងប្រកបដោយការយកចិត្តទុកដាក់ពីកងកម្លាំងទាំង៣ប្រភេទ មន្រ្ដីជំនាញផ្នែកសុខាភិបាល និងមន្រ្ដីជំនាញស្រុក ប្រចាំការពេញ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាអោយការអនុវត្តវិធានការនេះមានប្រសិទ្ធភាព។

ការរឹតបន្ដឹងការចេញចូលខេត្ត​រតនគិរីនេះ​ ធ្វើឡើងក្រោមបទបញ្ជារបស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី  និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់បទបញ្ជា អោយបិទការធ្វើដំណើរចេញ-ចូលខេត្តរតនគិរី តាមរយៈព្រំប្រទល់សំខាន់ៗពីរ ជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យនៃយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រ នៃខេត្តមួយទៅខេត្តមួយទៀត ដើម្បីអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជាចុះលេខ ៤៤សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ការហាមឃាត់មិនអោយមានការចេញចូលខេត្តនោះ​គឺធ្វើឡើងនៅស្រុកចំនួន២​ គឺស្រុកលំផាត់ ត្រង់ចំណុចអូរវាក់ ជាប់ព្រំប្រទល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកកូនមុំ ត្រង់ចំណុចគល់ស្ពានស្រែពក ដែលជាប់ព្រំប្រទល់ជាមួយខេត្តស្ទឹងត្រែង ចំពោះការហាមឃាត់ខាងលើនេះត្រូវបានលើកលែងចំពោះ៖

-ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ផ្លូវគោក ផ្លូវទឹក ផ្លូវដែក 

-ការធ្វើដំណើររបស់មន្រ្ដីរាជការសាធារណៈក្នុងគោលដៅបំពេញការងារ ឬបេសកកម្ម (ត្រូវបង្ហាញប័ណ្ណសម្គាល់ការងារ, ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធនានា)

-ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ដោយរួមទាំងការដឹកជញ្ជូនពលករដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេស ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាទៅកាន់ស្រុកកំណើតក្នុងគោលបំណងដើម្បីធ្វើចត្តាឡីស័ក

-រថយន្ដពន្លត់អគ្គីភ័យ, រថយន្ដបម្រើសេវាដឹកជញ្ជូនសម្រាម, រថយន្ដសង្រ្គោះបន្ទាន់របស់ពេទ្យរដ្ឋ និងឯកជន

-ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារ (តែត្រូវមានប័ណ្ណអនុញ្ញាតចេញដោយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

-ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់  និងបន្ទាន់ ដោយមិនអោយលើស៤នាក់

-ការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។