ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម៖ ទោះបីយើងបានចាក់វ៉ាក់សាំង ប្រៀបបាននឹងការមានជញ្ជាំងការពារជំងឺកូវីដ-១៩យ៉ាងណាក្តី តែក៍ត្រួវអនុវត្តវិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ផង

ប៉ៃលិន៖ មានប្រសាសន៍ក្នុងពិធី អញ្ជើញចុះពិនិត្យមើល ការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់គ្រួសារអតីតយុទ្ធជនទូទាំងខេត្តប៉ៃលិន នៅមន្ទីរសុខាភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអតីតយុទ្ធជនខេត្តប៉ៃលិនថា «ទោះបីយើងបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩យ៉ាងណាក្តី យើងមិនត្រូវទម្លាក់ចោល នូវវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ-១៩នោះឡើយ ជាពិសេស ត្រូវគោរពអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ចែល អាល់កុល និងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រឡើងទៅ»។ពីធីនេះក៍មានការអញ្ជើញចូលរួមអមដំណើរពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមពីលោកស្នងការខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត និងបងប្អូនអតីតយុទ្ធជនជាច្រើនរូប។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេច តែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារអាយុជីវិតពលរដ្ឋ និងអតីតយុទ្ធជន ដើម្បីឱ្យបានចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសកលលោក។ចំពោះការអភិវឌ្ឍន៍ និងសុខសន្តិភាព ដែលទទួលបានដូចសព្វថ្ងៃ គឺជាចំណែកមួយ ដែលមិនអាចកាត់ផ្តាច់បាន ពីការលះបង់ របស់បងប្អូនវីរអតីតយុទ្ធជនយើងបានឡើយ។ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍បន្តថា៖ ការដែលឯកឧត្តម ចុះមកកាន់ខេត្តប៉ៃលិន នាពេលនេះគឺគ្រាន់តែមកលើកទឹកចិត្តបន្ថែម បន្ទាប់ពីទទួលបាននូវការចាត់តាំអពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំណែកអ្នកដែលមើលការខុសត្រូវផ្ទាល់គឺលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន ផងដែរ។
បើតាមបងប្អូនអតីតយុទ្ធជន ដែលទៅចាក់វ៉ាក់សាំង ក៍បានបង្ហាញទឹកមុខរីករាយ ជាមួយនឹងការទទួលបានឱកាសចាក់វ៉ាក់សាំងនេះ ដោយពួកគាត់ បានលើកឡើងថា៖ ជាសំណាងណាស់ សម្រាប់ពួកគាត់ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំចាត់ចែងឱ្យបានចាក់វ៉ាក់សាំងនាពេលនេះ។ជាមួយគ្នានេះដែរ ពួកគាត់ក៍បានបញ្ជាក់ដែរថា៖ ការប្រយុទ្ធគ្នា លើសមរភូមិសង្គ្រាម ងាយស្រួលជាងសមរភូមិជំងឺកូវីដ-១៩ ព្រោះសមរភូមិសង្គ្រាម អាចដឹង និងមើលឃើញទីតាំងសត្រូវ ប៉ុន្តែសង្គ្រាមជាមួយជំងឺកូវីដ-១៩ គឺពិបាក ព្រោះមិនអាចមើលឃើញ ហើយអាចឆក់យកជីវិតបានគ្រប់ពេលវេលា ក្នុងនោះពួកគាត់ ក៍បានប្តេជ្ញាចូលរួមគោរពអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ចែល អាល់កុល និងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រឡើងទៅ)៕ដោយ សេងសុវណ្ណារិទ្ធ