ឯកឧត្តម អ៊ុន ចាន់ដា បេីក យុទ្ធនាការ រ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ជូន សមាជិក សមាគម អតីត យុទ្ធជន កម្ពុជា ខេត្តកំពង់ចាម ជំហាន ទី ១ ជាង ១០០០ នាក់

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ១០ ខែមេសា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ បេីក យុទ្ធនាការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ជូន សមាជិក សមាគម អតីត យុទ្ធជន កម្ពុជា ដែល ស្ម័គ្រចិត្ត ទទួល វ៉ាក់សាំង( ស៊ីណូរ៉ាក់) ក្នុង ជំហានទី១ នៅ មន្ទីរពេទ្យ បង្អែក ខេត្តកំពង់ចាម ដោយ មានការ អញ្ជើញ ចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ លំផាត់ សមាជិកអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល និង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ផងដែរ ។

ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ថា ការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ជូន សមាជិក សមាគម អតីត យុទ្ធជន កម្ពុជា ក្នុង ជំហាន ទី ១នេះ នៅ ទូទាំង ខេត្តកំពង់ចាម មាន ចំនួន ១២៨៨នាក់ ហើយ ត្រូវ ចាក់ ជូន អ្នក ស្ម័គ្រចិត្ត ជំហាន ទី ២ ជាបន្តបន្ទាប់ ទៀត ព្រោះ វា មាន សារៈសំខាន់ ណាស់ សម្រាប់ ការពារ សុខភាព ដោយ មិន ឲ្យ ជំងឺ កូវីដ វាយលុក ចូល ក្នុង ខ្លួនប្រាណ យើង បាន ឡេីយ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ ចូលរួម ជាមួយ រាជរដ្ឋាភិបាល តាម រយៈ ការ ស្ម័គ្រចិត្ត ទទួល វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដេីម្បី ការពារ អាយុជីវិត ខ្លួន ឯង ដោយ ជំងឺ ដ៏ កាច សាហាវ នេះ វាអាច ផ្តេីម ចេញ ពី ខ្លួន យេីង ម្នាក់ ៗ ហេីយ ក៏ធ្វើ ឲ្យ ប៉ះពាល់ ដល់ អ្នក ដ៏ទៃ ទៀត ផង ។ ក្រៅ ពី នោះ ឯកឧត្តមអភិបាលខេត្ត ក៏ បាន សំណូមពរ ដល់ បងប្អូន ប្រជាពលរដ្ឋ សូម កុំ ឲ្យ មាន ការ ព្រួយបារម្ភ ចំពោះ ការ ចាក់ វ៉ាក់សាំង នេះឡេីយ ព្រោះ ថ្នាក់ដឹកនាំ និង មន្ត្រី រាជការ ក្នុង ខេត្តកំពង់ចាម សរុប ជាង ២ម៉ឺន នាក់ ហើយ ដែល ទទួល បានការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដោយ មិន មាន បញ្ហា ប៉ះពាល់ ដល់ សុខភាព អ្វី ឡើយ តែ ផ្ទុយ ទៅ វិញ វា អាច ការពារ អាយុជីវិត យើង ឲ្យ ចាក ផុត ពី ការ ឆ្លង រាតត្បាត នៃ ជំងឺ ដ៏ កាច សាហាវ នេះ ផងដែរ ។

ឯកឧត្តម ឯម កុសល ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជខេត្តកំពង់ចាម បាន ឲ្យដឹងថា ចំពោះ សមាជិក សមាគម អតីតយុទ្ធជន ដែលបានស្មគ្រ័ចិត្តទទួលវ៉ាក់សាំង បង្ការ ជំងឺកូវីដ-១៩ ជំហានទី១ សរុបចំនួន១២៨៨នាក់ រួមមាន៖ ក្រុងកំពង់ចាម ចំនួន១៨៥នាក់ និងស្រុកកំពង់សៀម ចំនួន១៩៥នាក់ ដែលត្រូវទទួលការចាក់វ៉ាក់សាំងនៅ មន្ទីរពេទ្យខេត្តកំពង់ចាម ។ ដោយឡែកស្រុកព្រៃឈរមានចំនួន១៧៣នាក់, ស្រុកជើងព្រៃ ១៣០នាក់, ស្រុកបាធាយ ១៨៦នាក់, ស្រុកចំការលើ ១១១នាក់ , ស្រុកស្ទឹងត្រង់ ៧៣នាក់ , ស្រុកកោះសូទិន ៦៦នាក់, ស្រុក កងមាស ១០៣នាក់ និងស្រុកស្រីសន្ធរ ៦៦នាក់ ដោយ ត្រូវ ចាក់ នៅ មន្ទីរពេទ្យបង្អែកស្រុកនីមួយៗ ផងដែរ ៕