ខេត្តព្រះសីហនុ- ត្រឹមរយះពេល២៤ម៉ោង សណុំរឿងករណីឃាតកម្មដ៍សាហាវ ត្រូវបានបំបែក ដោយឃាត់ខ្លួនបុរសម្នាក់ ត្រូវជាប្តីកាលពីល្ងាចថ្ងៃទី១០មេសារឆ្នាំ២០២១ ដោយនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ឋ ស្នងការនគរបាលខេត្ត។
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុឲ្យ ដឹងនៅព្រឹកថ្ងៃ១១មេសា២០២១នេះថា ជនសង្ស័យឈ្មោះ កែវ ថុល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្រុកកំណើត ភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចំណែក ជនរងគ្រោះឈ្មោះ យឹង សៅ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអនាម័យ ស្រុកកំណើត ភូមិត្រពាំងគគីរ ភូមិល្បើក ស្រុកឈូក ខេត្តកំពត មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ទោស្នងការឲ្យដឹងតាមរបាយការស្រាវជ្រាវថា ករណី ឃាតកម្មគិតទុកជាមុននេះកើតឡើង កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១ និង៣០នាទីរំលងអាធ្រាត្រ ក្នុងរណ្តៅគ្រលុកមួយកន្លែង នៅបណ្តោយផ្លូវសែនជ័យ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ចុះមកពិនិត្យទីតាំងកើតហេតុ ឃើញមានសាកសពស្រី្តខ្មែរម្នាក់ អាយុប្រហែល៣០ឆ្នាំ ពាក់អាវយឺតដៃវែង ពណ៌លឿង ខោស្ព័រកីឡាជើងវែង មានស្លាកស្នាម អារក , ជាំភ្នែកខាងស្តាំ ,ជាំថ្គាមខាងឆ្វេង ,ជាំបបូរមាត់ផ្នែកខាងលើ ។
ឆ្លងតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង៣០នាទី នគរបាលបានរកឃើញ វិទ្យុទាក់ទងមួយគ្រឿង ម៉ាក MOTOROLA នៅក្នុងគ្រលុកថ្ម ក្បែរកន្លែងកើតហេតុ រួចបន្តការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់សមត្ថកិច្ចកំណត់បានអត្តសញ្ញាណជនសង្ស័យ ហើយបានធ្វើការឃាត់ខ្លួនសង្ស័យ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង០០នាទី ព្រឹក។
ជនសង្ស័យបានសារភាពប្រាប់នគរបាលថា ៖ ខ្លួនបានរួមរស់ជាមួយជនរងគ្រោះរយៈពេល២ឆ្នាំហើយ ដោយមិនបានរៀបការទេ មូលហេតុឈានដល់ការសម្លាប់ជនរងគ្រោះនេះ ដោយសារខ្លួននិងជនរងគ្រោះ តែងតែមានជម្លោះនិងគ្នាសឹងរាល់ថ្ងៃ ហើយជនរងគ្រោះប្រើពាក្យសម្តីជេរប្រមាថតិះដៀលមកលើខ្លួន ។ រហូតដល់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២២ និង ០០នាទីយប់ ខ្លួនបានបបួលជនរងគ្រោះផឹកស៊ី រហូតដល់វេលាម៉ោង ០១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ ខ្លួនបានដឹកជនរងគ្រោះទៅដេកនៅផ្ទះសំណាក់ ខណៈនោះជនរងគ្រោះបានប្រើសម្តីថា មុខហ្អែងគ្មានប្រាក់នាំយើងដេកផ្ទះសំណាក់ទេ មានតែដេកក្នុងព្រៃ ពេលនោះជនសង្ស័យបានជិះម៉ូតូចូលទៅកន្លែងកើតហេតុខាងលើ ដោយទ្រាំនឹងសម្តីជនរងគ្រោះមិនបាន ខ្លួនបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ប្រើឧបករណ៍សាកថ្ម វាយក្បាល, វាយភ្នែក , វាយមាត់ ,យកដៃច្របាច់ក បណ្តាលឲ្យសន្លប់ ហើយយកផ្លែឡាម អារករហូតដល់ជនរងគ្រោះដាច់ខ្យល់ស្លាប់ នៅនឹងកន្លែងកើតហេតុ រួចបានរត់គេចខ្លួន ។
ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌ កំពុងបន្តនិតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕