តាកែវ៖នៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងនគរបាលខេត្តតាកែវតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ រួមជាមួយបងប្អូនអាជីវករដែលជាម្ចាស់ជំនួយ បាននាំយកសំភារៈប្រើប្រាស់រួមមានទឹកអាល់កុលលាងដៃ ម៉ាស់ពាក់ការពារ ថវិការ និងគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់ សាលាឃុំ នគរបាលប៉ុស្តិរដ្ឋបាល ប្រជាការពារ មណ្ឌលសុខភាព និងក្រុមយុវជនកីឡា នៅឃុំភ្នំដិន ដើម្បីទុកប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជម្ងឺឆ្លងដ៏កាចសាហាវ កូវីដ១៩ ។
មានប្រសាសន៍ណែនាំទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ បានធ្វើការណែនាំទៅកាន់លោកឃុំ និងលោកមេភូមិទាំង៩ ត្រូវបង្កើនចលនាផ្សព្វផ្សាយបន្ថែមទៀតដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន អំពីគោលការណ៍នៃវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញ ឲប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តឲបាននូវវិធានការ ៣កុំ ៣ការពារ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ។ ហើយក្នុងពេលបច្ចុប្បន្ននេះយើងឃើញហើយថា ជម្ងឺកូវីដ១៩នេះ កំពុងរីករាលដាលយ៉ាងខ្លាំង ដូច្នេះលោកមេភូមិ លោកមេឃុំ រួមជាមួយនិងមន្ត្រីពាក់ព័ន្ធ កងកំលាំងសមត្ថកិច្ច ត្រូវតែសហការណ៍គ្នា ចូលរួមចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋរបស់យើងឲពួកគាត់ទាំងអស់គ្នា រក្សាកំលាត កាត់បន្ថយការជួបជុំ និងមួយវិញទៀត បើមិនមានការងារអ្វីចាំបាច់ទេ សូមកុំចេញក្រៅ និងចរាចរណ៍ចល័តពីខេត្តមួយទៅខេត្តមួយ ព្រោះវាអាចជាហានិភ័យខ្ពស់ក្នុងការនាំជម្ងឺឆ្លងដ៏កាចសាហាវនេះមកចូលក្នុងគ្រួសារ ឬភូមិឃុំរបស់ខ្លួន ។
សូមបញ្ជាក់ផងដែរថា អំណោយដែលបានយកមកចែកជូនដល់សាលាឃុំភ្នំដិន មន្ត្រីនគរបាលប៉ុស្តិ កំលាំងប្រជាការពារ ក្រុមយុវជនកីឡា និងមណ្ឌលសុខភាពឃុំដិននេះ គឺបានមកពីបណ្តាសប្បុរសជនដែលជាអាជីវករនៅក្នុងខេត្តតាកែវ និងថវិការឧបត្ថម្ភបន្ថែមរបស់ឯកឧត្តមឧត្តមសេនីយទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ។