កំពង់ឆ្នាំង៖សំណង់ផ្ទះល្វែងរបស់ក្រុមហ៊ុន ជីន យី ដែលបានសាងសង់ជាប់និងព្រុំដីចិញ្ចើមផ្លូវខុសច្បាប់ត្រូវបានអាជ្ញាធរខេត្តសុំអោយផ្អាកការសាងសង់ជាបណ្តោះអាសន្ន ដើម្បីទុកពេលអោយក្រុមការងារចំរុះថ្នាក់ខេត្តពិនិត្យវាស់វែងនិងសុំយោបល់ទៅថ្នាក់លើ។ការសុំអោយផ្អាកការសាងសង់សំណង់ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងទីតាំងសំណង់ក្រុមហ៊ុន ស្ថិតក្នុងភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាម្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ នៅព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៤នេះ លោក កែវ សឿងសោភ័ណ ប្រធានមន្ទីររៀបចំដែនដីសំណង់នគរូបនីយកម្ម និងសូរិយោដី ខេត្តកំពង់ឆ្នាំងបានអោយអ្នកយកព័ត៏មានយើងដឹងថា៖ កាលពីសប្តាហ៍មុនមន្ទីរបានចាត់មន្ត្រីពាក់ពន្ធ័ អោយចុះសិក្សាស្រាវជ្រាវសំណង់ខាងលើនេះ ប៉ុន្តែមកដល់ថ្ងៃនេះពួកគេមិនទាន់រាយការណ៏អោយលោកដឹងនៅឡើយ។ ប៉ុន្តែលោកបានដឹងថា ជួរសសរខាងមុខនៃសំណង់ផ្ទះល្វែងរបស់ក្រុមហ៊ុនបានសាងសង់ជាប់ព្រុំចិញ្ចើមផ្លូវជាតិខុសពីគោលការច្បាប់ចាស់ដែលបានកំណត់ថា សំណង់ធំៗទាំងអស់ត្រូវតែសង់អោយ ឃ្លាតពីព្រុំពីចិញ្ចើមផ្លូវវជាតិពី ៤ម៉ែត្រទៅ៨ម៉ែត្រ ចំណែកច្បាប់ថ្មីវិញកំណត់អោយសាងសង់មានឃ្លាតពីចំណីផ្លូវជាតិ ពី១៥ម៉ែត្រ ទៅ៥០ម៉ែត្រ ។
តាមកំណត់ច្បាប់ នេះគឺទុកគំលាតផ្លូវខាងលើនេះសម្រាប់អោយប្រជាពលរដ្ឋជាម្ចាស់ផ្ទះធ្វើរោងបុណ្យរោងការផ្សេងៗ ដើម្បីកុំអោយប៉ះពាល់ដល់ចិញ្ចើមផ្លូវសាធារណះរបស់រដ្ឋ។ដោយឡែកប្លង់សំណង់របស់ក្រុមហ៊ុនជិនយី ត្រូវបានមន្ត្រីសាលាខេត្តម្នាក់ជាអ្នកជួយរត់ការអោយក្រុមហ៊ុនជាង១ឆ្នាំហើយ មិនដឹងថាប្លង់សំណង់នេះក្រសួងបានអនុញ្ញាតិអោយសាងសង់ឬយ៉ាងណានោះទេ ព្រោះក្រុមហ៊ុននិងក្រសួងមិនបានទំលាក់ប្លង់នេះអោយមន្ទីរជំនាញដឹង។ដូចជាសំណង់មួយរបស់ លោកឧញ៉ាម្នាក់នៅខេត្តសៀមរាប ដែលបានសាងសង់សំណង់ខុសបែបនេះនៅក្នុងស្រុកកំពង់ត្រឡាច ក៏ត្រូវបានថ្នាក់លើសំរេចនិងកំពុងអោយតែវាយចោលខាតលុយរាប់សែនដុល្លាដែរ។
លោក ឈួន ចាន់ហាន អនុប្រធានមន្ទីរទទួលបន្ទុកការងារសំណង់ក្នុងខេត្ត បានអោយអ្នកយកព័ត៏មានយើងដឹងនៅព្រឹកថ្ងៃទី ០៧ ខែសីហានេះថា៖តាមច្បាប់កំណត់ថា សំណង់ដែលមានទំហ៊ុំ៣ពាន់ម៉ែត្រការេចុះជាសមត្ថកិច្ចរបស់ខេត្ត សំណង់ដែលមានទំហ៊ុំ៣ពាន់ម៉ែត្រការេឡើង គឺជាសមត្ថកិច្ចក្រសួង។ ជាក់ស្ដែងសំណង់របស់ក្រុមហ៊ុន ជីន យី ដែលមន្ត្រីក្រសួងជាអ្នកគូរអោយមានទំហ៊ុំពីបាតអាគារ២២៣៩៤,៤០ម៉ែត្រការេ បើសរុបផ្ទៃបាទអគារតាមជាន់ៗខាងលើទៀត មានផ្ទៃសរុប២៧១៩០,៤០ម៉ែត្រការេ ដែលមានអគារត្រូវសាងសង់សរុបចំនួន៥៩អគារ និង សង់លើផ្ទៃដីសរុបជាង៦ហិកតា។សំណង់នេះត្រូវបានគេរៀបចំធ្វើជាផ្ទះសំណាក់សម្រាប់ជួលអោយកម្មករជួលស្នាក់នៅ និងមានអគារជាផ្សារនៅកណ្តាល សម្រាប់លក់ដូរបាយទឹកអោយកម្មករ និងលក់ផលិតផលក្រុមហ៊ុន។
ក្រោយពីមានបាតុភាពថាក្រុមហ៊ុនសាងសង់សំណង់ខុសច្បាប់ លោកអភិបាលខេត្តកំពង់ឆ្នាំងបានចាត់តាំងអោយមន្ត្រីជំនាញសហការជា អាជ្ញាធរ និងជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះសិក្សាស្រាវជ្រាវដើម្បីធ្វើរបាយការណ៏រាយការណ៏ជួនថ្នាក់ខេត្តវិញ ។លទ្ធផលនៃការចុះស្រាវជ្រាវ លោក ឈួន ចាន់ហាន បានអោយដឹងថា៖សំណង់ផ្ទះល្វែងនេះបានសាងសង់សសរខាមុខជាប់និងព្រុំចំណីដីផ្លូវជាតិ វាខុសនិងផ្លង់សំណង់ដែលក្រសួងបានអនុញ្ញាតិអោយសង់សំណង់ដែលមានគំលាតពីចិញ្ចើមផ្លូវជាតិ៣,៦០ម៉ែត្រ។ពេលឃើញករណីសាងសង់ខុសច្បាប់បែបនេះក្រុមការងារបានសម្រេច និងដោយមានការឯកភាពពីតំណាងក្រុមហ៊ុនឈ្មោះ ហ្វុង ហៃហ្វុង ជាជនជាតិចិនផងនោះ បានសុំអោយផ្អាកការសងសង់បណ្តោះអាសន្នមួយរយះសិន ដើម្បីឆ្លងថ្នាក់លើសំរេច។
លោក ឈួន ចាន់ហាន អោយដឹងទៀតថា៖ប្លង់សំណង់នេះត្រូវបានលោក ទូច ម៉ារីម អភិបាលខេត្ត កំពង់ឆ្នាំងចាស់ ចុះហត្ថលេខា ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២១៣ បញ្ជូនទៅក្រសួង មកដល់ពេលនេះ មិនទាន់ឃើញក្រសួង ឬក្រុមហ៊ុនទម្លាក់ប្លង់សំណង់នេះអោយខេត្តនៅឡើយទេ។ តាមច្បាប់ ការសាងសង់សំណង់ត្រូវមានច្បាប់ និងប្លង់អនុញ្ញាតិត្រឹមត្រូវជាមុនសិន ហើយក្រុមហ៊ុន ត្រូវសំណើសុំច្បាប់បើកការដ្ឋានមួយទៀត បន្ទាប់មកទើបមន្ត្រីជំនាញផ្នែកសំណង់របស់ក្រសួងនិងចុះមកវាស់វែងដីកំណត់អោយសាងសង់ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញនៅក្នុងមូលដ្ឋាន មិនមែនកន្លងមកក្រុមហ៊ុនបានលួចបាំងជញ្ជាំងជិត និងលួចធ្វើស្ងាត់បែបនេះបានជិតរួចរាល់ទៅហើយទើបបែកការណ៍ករ ណីនេះអ្នកខាងបង់គឺក្រុមហ៊ុនមិនគោរពច្បាប់ មិនត្រូវបន្ទោសអ្នកណាឡើយ។
នៅពេលខាងមុខនេះអាជ្ញាធរខេត្ត និងបង្កើតគណៈកម្មការចជរុះថ្នាក់ខេត្តមួយចុះទៅពិនិត្យវាស់វែងម្តងទៀត ដើម្បីធ្វើរបាយការណ៍ជូនថ្នាក់លើសំរេច ថាតើត្រូវវាយសំណង់ដែលប៉ះពាល់នេះចោលឬ សំរេចយ៉ាងណា ។ ព្រោះគេយល់ថានៅក្រោយខ្នងក្រុមហ៊ុននេះពិជាមានអ្នកធំណាមួយជួយការពារពីក្រោយទើបគេហ៊ានសាងសង់សំណង់ខុសប្លង់និងខុសច្បាប់បែបនេះ៕