កំពង់ចាម: ដោយអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ និងលេខ៤៩ ស.ស.រ នាឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យគោលដៅ ហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយទូទាំងប្រទេស ជាបណ្ដោះអារសន្ន ដេីម្បីទប់ស្កាត់ការឆ្លងរាដាលនៃជំងឺកូវីដ១៩ នៅតាមបណ្តាស្រុក នៃខេត្តកំពង់ចាម ដែលមានព្រំប្រទល់ជាប់នឹងខេត្តកណ្ដាល។
ឆ្លៀតក្នុងឱកាសអញ្ជេីញចុះត្រួតពិនិត្យគោលដៅនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឲ្យចូលរួមអនុវត្តន៍តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ ។ ដោយឡែកចំពោះអ្នកចំណូលស្រុកមកពីតំបន់ហានិភ័យ ត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃអោយបានត្រឹមត្រូវ ព្រមទាំងចូលរួមអនុវត្តន៍តាមវិធានការ «៣ការពារ ៣កុំ» ជៀសផុតពីការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ផងដែរ។ ជាមួយគ្នាឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវថវិកា និងសម្ភារមួយចំនួនឧបត្ថម្ភដល់កងកម្លាំងយាមកាមនៅតាមបណ្ដាគោលដៅនិមួយៗ ផងដែរ។
គួរបញ្ជាក់ថា ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនេះ ឯកឧត្ដម អ៊ុន ចាន់ដា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំប្រធានអង្គភាព និងអជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យគោលដៅក្នុងស្រុកចំនួន៣ រួមមាន៖ គោលដៅនៅចំណុច ឃុំមានជ័យ ស្រុកស្រីសន្ធរ ជាប់ព្រំប្រទល់ ស្រុកខ្សាច់កណ្ដាល. គោលដៅនៅចំណុចឃុំស្ដៅ និងគោលដៅនៅចំណុចស្ពានគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ជាប់ព្រំប្រទល់ស្រុកមុខកំពុល និង គោលដៅនៅស្ពានទី២៤ ឃុំតាំងក្រាំង ស្រុកបាធាយ ដល់ព្រំប្រទល់ស្រុកមុខកំពុល ខេត្តកណ្ដាល ៕