កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខមន្ត្រីជួរមុខ និងកងកំលាំងប្រចាំការ ជាពិសេសការគិតគូរចំពោះការហូបចុក និងបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដេីម្បីបង្កើនលទ្ធភាព បង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វេីការណែនាំដល់មន្រ្ដីពាក់ព័ន្ធ ឲ្យរក្សាបរិស្ថានស្អាត និងអនាម័យជាប្រចាំ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដានឲ្យបានម៉ត់ចត់ អំពីតម្រូវការចាំបាច់នានា របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយនូវកង្វះខាត ឬបញ្ហាប្រឈម ជូនដល់ពួកគាត់ឲ្យបានទាន់ពេលវេលា។ ដោឡែកក្នុងករណីមិនអាចដោះស្រាយបាន ត្រូវរាយការណ៍ទៅថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ដេីម្បីសុំគោលការណ៍អន្តរាគមន៍ ឲ្យទាន់ពេលវេលា ។
ជាមួយគ្នានោះ ឯកឧត្តមអភិខេត្ត ក៏បានអំពាវនាវដល់បងប្អូនពលករចំណូលស្រុក ក៏ដូចជាប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក ធ្វើយ៉ាងណាត្រូវតាមដានសុខភាពជាប្រចាំ បេីមានបញ្ហាសុខភាពមិនស្រួល ត្រូវរាយការណ៍មកសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការនៅទីនោះជាបន្ទាន់ ដេីម្បីឲ្យក្រុមការងារជួយអន្តរាគមន៍ទាន់ពេលវេលា។ ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមប្រសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការ ៣ការពារ ៣កុំ ដើម្បីជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍យើង ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ ៕