នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៦មេសាឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរថា ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។ កិច្ចការដែល សម្ដេចត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងគឺសម្ដេចត្រូវចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។ នៅថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។ ព្រឹកថ្ងៃទី២៤ មេសា ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់សម្ដេចត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្ដេចត្រូវយកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះ សម្ដេចត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ទៅ៣ដងទៀត។ ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ សម្ដេចត្រូវអោយភរិយារបស់សម្ដេច នាំកូននិងចៅទៅសម្រាកនៅទីកន្លែងផ្សេង។ សមាជិកប្រតិភូដែលធ្វើដំណើរជាមួយសម្ដេច ត្រូវយកសំណាកនិងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា។ សម្ដេចបានបន្តថា មានអ្នកអោយយោបល់សម្ដេចថាដោយសារ សម្ដេចបានចាក់វ៉ាក់សាំងរួចហើយ សម្ដេចគួរធ្វើចត្តាឡីស័ក៧ថ្ងៃបានហើយ តែសម្ដេចបានប្រាប់ទៅពួកគាត់វិញថា សម្ដេចចង់ធ្វើអោយប្រាកដថា សម្ដេចមិនមានវិជ្ជមានកូវីដ-១៩ នោះទេព្រោះសម្ដេចត្រូវធ្វើការជាមួយមនុស្សច្រើនគ្នា ពិសេសចៅៗរបស់សម្ដេចទាំងតូចទាំងធំតែងមកលេងច្របាច់ជើងនិងគេងលើគ្រែព្រមទាំងរត់លេងក្នុងបន្ទប់របស់ជីតា៕