កាលពីម្សិលមិញសមត្តិកិចកចនៅខេត្តកោះកុងបានខ្លួនបុរសវ័យចំណាស់ម្នាក់ដឹកពលករឆ្លងដែនដោយខុសច្បាប់

កម្លាំងនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ឃាត់ខ្លួនមេខ្យល់ដែលព្យាយាមលួចលាក់ដឹកជញ្ចូនពលករខុសច្បាប់ពីខេត្តត្រាត ប្រទេសថៃកាន់ខេត្តកោះកុង។

លោក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានឱ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែមេសា នេះថា បច្ចុប្បន្នសមត្ថកិច្ចពាក់ព័ន្ធដាក់វេនប្រចាំការតាមពិនិត្យយ៉ាងលម្អិតលើការចរាចរណ៍រថយន្ត និងមនុស្សក្នុងតំបន់ច្រកទ្វារព្រំដែន។

បើតាមលោកនាយប៉ុស្តិ៍ សម្រាប់ថ្ងៃទី១៥ ខែមេសា នេះ ដោយមានការសង្ស័យសមត្ថកិច្ច ក៏បានត្រួតពិនិត្យលើរថយន្តបុរសវ័យចាស់ឈ្មោះ សេ លៀង  អាយុ៦៤ឆ្នាំ ជនជាតិថៃ ទីលំនៅទីរួមខេត្តត្រាត ជាក់ស្តែងរកឃើញមានការលួចលាក់រត់ពន្ធមនុស្សខុសច្បាប់១ម្នាក់ដោយមធ្យោបាយដឹកតាមរយៈរថយន្ត១គ្រឿងម៉ាក់ISUZU ពាក់ស្លាកលេខថ ៧៩៧៩ ពណ៍ប្រផះ។

បុរសខាងលើឃាត់ខ្លួនកាលពីម៉ោង៦និង៣០នាទី ថ្ងៃទី១៥ មេសា នេះ អំឡុងធ្វើដំណើរឆ្លងដែនពីច្រកព្រំដែនហាតលិក ស្រុកខ្លងយ៉ៃ ឆ្ពោះមកព្រំដែនចាំយាម ស្រុកមណ្ឌលសីមា។ រីឯពលករខុសច្បាប់ដែលរកឃើញលាក់ខ្លួននៅក្នុងរថយន្តឈ្មោះសំរ៉ន វ៉ាន់ ឌី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បម្រើការងារជាពលករនៅស្រុកខ្លងយ៉ៃ ខេត្តត្រាត។

ចំណែកឯលោក ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមា ថ្លែងដែរថា បន្ទាប់ពីការសាកសួរ និងធ្វើកំណត់ហេតុរបស់នគរបាលអន្តោប្រវេសន៍រួចបញ្ចូនមកកាន់អធិការដ្ឋាន ហើយរូបលោកក៏បញ្ចូនខ្លួនមេខ្យល់ទៅកាន់ពន្ធនាគារបន្តរង់ចាំការអនុវត្តនីតិវិធីច្បាប់។

ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍មក លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងអាជ្ញាធរសមត្ថកិច្ច បានផ្តោតការយកចិត្តទុកដាក់ខ្ពស់តបការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដាក់ផែនការចុះល្បាត និងបង្រ្កាបចំពោះមេខ្យល់ដែលលួចលាក់ដឹកជញ្ចូនពលករឆ្លងដែនខុសច្បាប់ពីប្រទេសថៃបានប្រមាណ១៨នាក់ហើយ មិនថាតែផ្លូវគោក ឬផ្លូវទឹកនោះឡើយ៕