រដ្ឋបាលខេត្តកែប​ នៅព្រឹកថ្ងៃទី១៦​ ​ខែមេសា​ ឆ្នាំ២០២១​ បានចេញ សេចក្តីប្រកាសព័ត៌មានស្តីពីករណីជាសះស្បើយជំងឺកូវីដ១៩ ចំនួន ០២រូប ឈ្មោះ ប៉ែន ហេង និងឈ្មោះ អ៊ុន រិទ្ធី​ នៅខេត្តកែប

ខេត្ត កែប :រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា​ ក្នុងព្រឹត្តិការណ៍​ ២០គុម្ភះ​ ខេត្តកែប​បានរកឃេីញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩​ ចំនួន​ ០២នាក់​ បានធ្វើដំណើរមកពីខេត្តផ្សេងៗគ្នា ក្នុងគោលបំណង មកលេងបងប្អូន និងបំពេញការងារនៅខេត្តកែប​ គឺស្រី្តឈ្មោះ​ ប៉ែន​ ហេង​ អាយុ​ ៣៤ឆ្នាំ​ និងបុរសឈ្មោះ​ អ៊ុន​ រិទ្ធី​ អាយុ​ ២១ឆ្នាំ។ បុគ្គលទាំង២​ នេះ​ត្រូវបាន​ក្រុមគ្រូពេទ្យនាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្នុងអំឡុងពេលសម្រាក់ព្យាបាល អ្នកជំងឺកូវីដ១៩ទាំងពីររូបនេះ បានពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីក្រុម គ្រូពេទ្យជំនាញ ព្រមទាំងយកវត្ថុសំណាកវិភាគ បន្តរកវីរុសកូវីដ១៩នៅមន្ទីរពិសោធន៍ ទទួលបានលទ្ធផលអវិជ្ជមាន ជាបន្តបន្ទាប់។ ជាក់ស្ដែងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ឈ្មោះ ប៉ែន ហេង ត្រូវបាន ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសថា បានជាសះស្បើយ ដោយលទ្ធផលពិនិត្យវត្ថុសំណាកអវិជ្ជមាន ០២លើកជាប់គ្នា និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកទៅធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្តទៀត។ រហូតមកដល់ថ្ងៃនេះ ស្ត្រីឈ្មោះ ប៉ែន ហេង បានបញ្ជាក់ដោយមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ថាអវិជ្ជមាន ជាលើកទី៣ មានន័យថាស្រ្តីរូបនេះ ពិតជាជាសះស្បើយ មិនមានការលាប់ឡើងវិញនោះទេ ។

ដោយឡែកលោក អ៊ុន រិទ្ធី អាយុ ២១ឆ្នាំ ត្រូវបានក្រសួងសុខាភិបាលប្រកាសនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះថា ជាសះស្បើយ ដោយលទ្ធផលពិនិត្យវត្ថុសំណាកអវិជ្ជមានចំនួន ០២លើកជាប់គ្នា បញ្ជាក់ ដោយមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ បុរសឈ្មោះ អ៊ុន រិទ្ធី ត្រូវបានក្រុមគ្រូពេទ្យជំនាញអនុញ្ញាតឱ្យ ចេញពីមន្ទីរពេទ្យបង្អែកខេត្ត តែត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះផ្ទាល់ខ្លួនក្នុងរយៈពេល១៤ថ្ងៃបន្តទៀត។ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបាននូវវិធានការ « ៣ការពារ និង ៣កុំ » ជាពិសេស​វិធានការនានា របស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍​ ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕