រខេត្តកំពត៖នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តអមដំណើរដោយថ្នាក់ដឹកនាំ អង្គភាពកងកម្លាំង និងមន្ទីរជំនាញជុំវិញខេត្ត បានចុះសួរសុខទុក្ខនិងនាំអំណោយថវិកាគ្រឿងឧបភោគបរិភោគនិងម៉ាសឧបត្ថម្ភជូនដល់ កងកម្លាំងឈរជើងត្រួតពិនិត្យការ អនុវត្តបំរាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការចល័តធ្វើដំណើរឆ្លងខេត្តរបស់ប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលដោយ១៩ នៅតាមលើដងផ្លូវជាតិចំណុចគោលដៅ សំខាន់ៗ ចំនួន៣ក្នុងភូមិសាស្ត្រខេត្តកំពត ។ ក្នុងនោះគោលដៅ ទី១-ចំណុចបង្គោលគីឡូម៉ែត្រលេខ៥៣ ផ្លូវជាតិលេខ៤១ ព្រំប្រទល់ក្នុងឃុំស្រែចែងស្រុកជុំគីរីជាមួយ ខេត្តតាកែវ ទី២-ចំណុចអតីតសកលវិទ្យាល័យភូមិន្ទ តាកែវ-កំពត ផ្លូវជាតិលេខ៣ ក្នុងឃុំនារាយណ៍ ស្រុកឈូក ជាមួយស្រុកត្រាំកក់ខេត្តតាកែវ និង ទី៣-លើដងផ្លូវជាតិលេខ៣១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥ លេខ៦ ឃុំចំប៉ីស្រុកអង្គរជ័យ ជាមួយខេត្តតាកែវ ។
មានប្រសាសន៍សំណេះសំណាលឯកឧត្តម ជាវ តាយ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន សំដែងការ កោតសរសើរលើកទឹកចិត្ត ចំពោះអាជ្ញាធរមូលដ្ឋានកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលក្នុងរយៈពេលកន្លងមកតែងបានចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការអនុវត្តវិធានការ បង្ការទប់ស្កាត់ជម្ងឺកូវីត១៩ របស់រាជរដ្ឋាភិបាលក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ ទទួលបានលទ្ធផលល្អប្រសើរ ។ ជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រថ្មីពៃណីជាតិខ្មែរឆ្នាំនេះ ដែលស្ថិតក្នុងស្ថានភាព កម្ពុជាយើងកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ហើយបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែន តែងមានការព្រួយបារម្ភយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានការអំពាវនាវណែនាំជំរុញ ដល់អាជ្ញាធររាជធានី ខេត្តក្រុង ស្រុកខណ្ឌឃុំសង្កាត់ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ យើងទាំងអស់គ្នាឲ្យបង្កើនស្មារតីចូលរួមយកចិត្តទុកដាក់អនុវត្តឲ្យបានសកម្មម៉ឺងម៉ាត់បំផុត តាមរយៈវិធានការសុខាភិបាល
គឺ ៣ការពារ ៣កុំ រួមនិងចំណាត់ការព្រមទាំងបទបញ្ជាផ្សេងៗក៏ដូចជាការអំពាវនាវរបស់សម្ដេចតេជោហ៊ុនសែនដើម្បីយើងទាំងអស់រួមគ្នាប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះកុំឲ្យមានឆ្លងរាលដាលបន្តទៀតដល់សហគមន៍។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់អាជ្ញាធរនិងកងកម្លាំងឈរជើងប្រចាំការលើដងផ្លូវចំណុចគោលដៅទាំងអស់ ឲ្យបន្តខិតខំយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពថែមទៀត ពិសេសការចូលរួមអនុវត្តនូវបំរាមក៏ដូចជាសេចក្ដីសម្រេចនិងបទបញ្ជាផ្សេងៗថ្មីៗរបស់ប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការចល័តឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយរបស់ប្រជាពលរដ្ឋ ឲ្យបានម៉ឺងម៉ាត់។ តែការអនុវត្តត្រូវមានភាពទន់ភ្លន់ អនុគ្រោះរាល់ការចេញចូលរបស់ប្រជាពលរដ្ឋដែលមានធុរៈចាំបាច់បន្ទាន់ ឬរថយន្តសេវាដឹកជញ្ជូនទំនិញផ្សេងៗ ដើម្បីយើងរួមគ្នាបង្ការទប់ស្កាត់ជំងឺកូវីដ១៩នេះកុំឲ្យមានការរីករាលដាលឆ្លងដល់ក្នុងសហគមន៍ នៅខេត្តកំពត ក៏ដូចជាការកសាងសេដ្ឋកិច្ចសង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានប្រសើរឡើងវិញផងដែរ។
ក្នុងឱកាសនោះឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានឧបត្ថម្ភអំណោយដល់កម្លាំងឈរជើងទាំងបីគោលដៅសរុបចំនួន១៣៦នាក់ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល និងផ្ដល់ជូនគ្រឿងឧបភោគបរិភោគនិងម៉ាសឱ្យចំណុចគោលដៅទាំងបីខាងលើក្នុងមួយគោលដៅ ទទួលបានទឹកសុទ្ធ ១០កេះ មី១០កេះ ទឹកផ្លែឈើ៥កេះ និងម៉ាស់ ៥០០ម៉ាសផងដែរ។