យុទ្ធនាការជម្រុញឲ្យពាក់ម៉ាស់ទាំងអស់គ្នា មុនចូលដល់ការអនុវត្តវិធានការច្បាប់

សៀមរាប៖  រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនូវសកម្មភាពជាច្រើន ដើម្បីប្រសិទ្ធភាពកាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវីដ-១៩ក្នុងសហគមន៍  យុទ្ធនាការជម្រុញនិងង្រឹងការពាក់ម៉ាសទាំងអស់គ្នា ដែលជាជ្រុងមួយនៃវិធានការសុវត្ថិភាព៣ការពារ  ត្រូវបានបាញ់ឆ្ពោះទៅរកទីប្រជុំផ្សារក្នុងក្រុងសៀមរាប មុននឹងត្រូវបានអនុវត្តការផាកពិន័យ ចំពោះជនធ្វេសប្រហែស មិនគោរពវិធានសុវត្ថិភាពនេះ ក្នុងរយៈពេល២ថ្ងៃ ( ថ្ងៃទី១៥ និងថ្ងៃទី១៦ ) ខែមេសា ឆ្នាំ២០២១ ក្រុមការងារចំនួន៣ក្រុម ក្រោមប្រធានបទ ( ពាក់ម៉ាស់ទាំងអស់គ្នា ហើយពាក់ឲ្យបានត្រឹមត្រូវ ) បានចេញធ្វើសកម្មភាពក្នុងយុទ្ធនាការដ៏ធំមួយ សំដៅឆ្ពោះទៅរកទីប្រជុំផ្សារនានាក្នុងក្រុងសៀមរាប ដើម្បីផ្សព្វផ្សាយពង្រឹងបន្ថែម លើកកម្ពស់ស្មារតីនៃការអនុវត្តវិធានការ ការសុវត្ថិភាព ៣ការពារ និង៣កុំ រូបបន្តប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ របស់ប្រមុខរាជរដ្ឋាភិបាល។យុទ្ធនាការនេះ បានធ្វើឡើងស្របពេលដែលរដ្ឋបាលខេត្ត បានសម្រេចចិត្តបិទខ្ទប់សង្កាត់ចំនួន៣ ( សង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ) នៃក្រុងសៀមរាបរយៈពេល១៤ថ្ងៃ ដើម្បីគ្រប់គ្រងស្ថានភាពនៃការចម្លងវារ៉ុសកូវីដ-១៩ ដែលកំពុងសាយភាយនៅក្នុងសហគមន៍។

 លោក មួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាតំណាងមន្រ្តីដឹកនាំសកម្មភាពនៃយុទ្ធនាការនេះ បានបញ្ជាក់ថា៖ ច្បាស់ណាស់អ្វីៗទាំងអស់ គ្រប់ផ្នែកនៃសកម្មភាពដែលបានដាក់ចេញដោយរដ្ឋបាលខេត្ត គឺដើម្បីគោលដៅតែមួយ គឺការកាត់ផ្តាច់ខ្សែចម្លងកូវីដ-១៩។  សម្រាប់យុទ្ធនាការនេះ វាជាជ្រុងមួយនៅក្នុងវិធានការ ៣ការពារ នោះគឺការរំលឹកនិងពង្រឹងការពាក់ម៉ាសឲ្យបានត្រឹមត្រូវ និងត្រូវបានពាក់ទាំងអស់គ្នា ជនណាមានការធ្វេសប្រហែលលើវិធានការនេះ នឹងត្រូវការទទួលរងនូវផាកពិន័យជាប្រាក់ ផងដែរ។

 លោកក៏បានលើកឡើងដែរថា៖  ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងតម្លៃជាកាតព្វកិច្ច វាជាកត្តាដ៏សំខាន់បំផុត ដែលអាចធ្វើឲ្យប្រសើរឡើងវិញ ចេញពីស្ថានភាពដ៏អាក្រក់នៃវិបត្តិកូវីដ-១៩ ។ វាក៏ជាការបង្កើតឲ្យមាននូវផលវិបត្តិក្នុងសង្គមជាតិផងដែរ បើសិនជាការរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ មិនត្រូវបានបញ្ចប់។ លោកក៏បានអំពាវនាវផងដែរថា មិនចំពោះស្ថាប័ន ឬមជ្ឈដ្ឋានណានោះឡើយ ពិសេសគឺបងប្អូនប្រជាពលរដ្ឋ សូមចូលរួមទាំងអស់គ្នា ដើម្បីរក្សាលំហ្នឹងជីវភាពរស់នៅក្នុងតំណាក់កាលដ៏លំបាកនេះ  ហើយអ្វីដែលត្រូវបារម្ភច្រើនជាងនេះ គឺសុខភាព និងអាយុជីវិតប្រជាពលរដ្ឋ។សម្ភាសន៍០២ លោក មួន ណារិន ក្រុមការងារនៃយុទ្ធនាការនេះ រួមមានមន្ទីរសុខាភិបាល កងកម្លាំងសមត្ថកិច្ច និងមានការចូលរួមសហការដោយអាជ្ញាធរមូលដ្ឋាន និងម្ចាស់ផ្សារគោលដៅផងដែរ។ យុទ្ធនាការនេះ មិនត្រូវបានបញ្ជប់ត្រឹមរយៈពេល២ថ្ងៃនេះនោះទេ តែត្រូវបន្តតាមដាន ការចូលរួមរបស់ប្រជាពលរដ្ឋផងដែរ៕