រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម លក់ដូរទាំងអស់នៅក្នុងផ្សារលើ ក្រុងព្រះសីហនុរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីយកវត្ថុសំណាកអាជីវករផ្សារលើទាំងអស់ និងបាញ់ថ្នាំសម្លាប់មេរោគ ព្រមទាំងលាងសម្អាតផ្សារលើទាំងមូល។
ចំពោះការបិទផ្សារលើរយៈពេល១៤ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋអាចទៅទិញទំនិញ នៅទីផ្សារផ្សេងទៀត ជាបណ្តោះអាសន្នសិន ដោយឡែកចំពោះការលក់គ្រឿងឧបភោគ និងបរិភោគនៅក្នុងផ្សារលើ នឹងដាក់ឱ្យដំណើរការឡើងវិញក្រោយបិទរយៈពេល០៣ថ្ងៃ ដោយអនុញ្ញាតចំពោះតែអាជីវករ ដែលមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ លើកទី១ ពីមន្ទីរសុខាភិបាលខេត្ត។
រដ្ឋបាលខេត្ត នឹងចាត់មន្ទីរពាណិជ្ជកម្មឲ្យអង្កេត តាមដាន នូវតម្លៃទំនិញគ្រប់ប្រភេទដែលបានដាក់លក់ លើទីផ្សារ ក្នុងខេត្តព្រះសីហនុ។ ក្នុងករណីរកឃើញថា មានអាជីវករណាធ្វើការតម្លើងថ្លៃទំនិញ ខុសប្រក្រតី រដ្ឋបាលខេត្តនឹងចាត់វិធានការដាក់ពិន័យរដ្ឋបាលយ៉ាងតឹងរឹងបំផុត ហើយបើការតម្លើងថ្លៃនេះ បង្កចលាចលក្នុងសង្គម អាជីវករនោះនឹងប្រឈមមុខផ្លូវច្បាប់ដោយមិនលើកលែងឡើយ៕