សៀមរាប៖ ជំនឿស្រង់ទឹកព្រះដោយសុគន្ធវារី ពូនភ្នំខ្សាច់ នឹងស្រង់ទឹកព្រះសង្ឃ គឺមានអានិសង្សច្រើនវិសេសណាស់ គេសង្កេតឃើញថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ប្រជាពុទ្ឋបរិស័ទរៀបចំបាយសម្ល នំចំណីយកទៅប្រគនព្រះសង្ឃ ក្នុងនោះពិធីដែលសំខាន់គឺពិធីស្រង់ព្រះ នឹងពូនភ្នំខ្សាច់ ដែលផ្សាភ្ជាប់ជាមួយការលេងល្បែងប្រជាប្រិយ ចោលឈូង បោះអង្គុញ និងល្បែងរបាំជាច្រើនទៀតផងដែរ។ ដោយឡែក រយ:ពេល២ឆ្នាំនេះ នៅវត្តឥន្ទបត្តបូរីអង្គរខាងជើង ស្ថិតក្នុងបរិវេណអង្គរវត្ត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ចំពោះញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាញាតិញោមនៅឆ្ងាយៗ មិនបានមកធ្វើបុណ្យច្រើនទេ ដោយសារប្រទេសយើងមានការរីករាលដាលជំងឺកូវិដ.១៩ ហើយពូកគាត់បានគោរពនូវវិធានការរបស់ក្រសួងសុខាភិបាល។
ព្រះចរណសោភ័ណបណ្ឌិត គង់ សុភាព ឋិតប្បញ្ញ ព្រះរាជាគណៈថ្នាក់កិត្តិយសទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងជើង មានសង្ឃដីកាថា៖ បុណ្យចូលឆ្នាំថ្មី គឺជាប្រពៃណីទំនៀមទំលាប់ខ្មែរ មានតាំងពីដើមមករហូតមកដល់សព្វថ្ងៃនេះ ព្រះអង្គបានសម្តែងនូវនិទាន ដំណាលពីនាយនេសាទម្នាក់ ដែលជាអ្នកសម្លាប់សត្វ ជាអាហារតាំងពីតូចមក ពេលគាត់ស្លាប់ទៅ យមរាជយកទៅវាយសួរចម្លើយ ហើយចាប់បោះទៅក្នុងរណ្តៅភ្លើងនរក តែមិនស្លាប់ដោយសារបានសាងវាលុកចេតីយ៍ ព្រមទាំងបានលើកយកប្រវត្តិនៃពិធីស្រង់ព្រះ មកបរិយាយផងដែរ។
ព្រះចរណសោភ័ណបណ្ឌិត គង់ សុភាព ព្រះគ្រូចៅអធិកាវត្ត មានសង្ឃដីកាបង្ហាញថា ពាក់ព័ន្ឋនិងធម្មិកថា នៃពិធីស្រង់ព្រះ នឹងពូនភ្នំខ្សាច់ បើតាមប្រវត្តិ គឺមានតាំងពីជំនាន់មុនព្រះសម្មាសម្ពុទ្ធព្រះនាម សមណគោតមទៅទៀត ដែលគ្រានោះ មានព្រះមហាក្សត្រមួយអង្គព្រះនាម បុប្ផរាជ ទ្រង់បាននិមន្តភិក្ខុសង្ឃដើម្បីមកស្រង់ទឹក រួចហើយធ្វើការប្រគេនភត្តាហារចំពោះព្រះភិក្ខុអង្គនោះ។ របៀបនៃការធ្វើពិធីស្រង់ព្រះនេះ គឺជាពិធីរួមដែលជាថ្ងៃវារៈឡើងស័ក គឺជាថ្ងៃចុងក្រោយនៃថ្ងៃចូលឆ្នាំនេះឯង។ គេតែងរៀបចំអាសនៈឱ្យស្អាត ហើយគេតុបតែងគ្រឿងសក្ការបូជារួចហើយ គេលើកព្រះពុទ្ធរូបអង្គណាមួយពីក្នុងព្រះវិហារ ពីក្នុងសាលាឆាន់ ឬក្នុងកុដិរបស់ព្រះសង្ឃ ដើម្បីសម្អាតទាំងអស់អង្គដែលជាពុទ្ធបដិមានោះ។
ក្នុងគោលបំណងចម្បងនៃពិធីស្រង់ព្រះនេះ គឺសម្តែងនូវការដឹងគុណ ការតបស្នងសងគុណ ចំពោះអ្នកមានគុណ។ ពិធីស្រង់ព្រះមិនសំដៅតែការស្រោចទឹក និងការលាងសម្អាតព្រះពុទ្ធបដិមាតែមួយមុខប៉ុណ្ណោះទេ គឺពលរដ្ឋគ្រប់រូបអាចស្រោចទឹកថ្វាយចំពោះព្រះសង្ឃ ឪពុកម្ដាយ ឬចាស់ទុំ ដើម្បីបង្ហាញពីការដឹងគុណផងដែរ។ ទាក់ទងនឹងអានិសង្សនេះវិញ អ្នកដែលបានស្រង់ទឹកឱ្យព្រះពុទ្ធបដិមា ព្រះសង្ឃ ឪពុកម្ដាយ គ្រូឧបជ្ឈា អាចទទួលបានបុណ្យកុសលជាច្រើន ដូចជាមានរូបសម្បត្តិល្អ មានទ្រព្យធន់ធានធូធា មានសេចក្តីសុខគ្រប់យ៉ាងទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតជាតិផងដែរ៕