នគរបាលប្រឆាំងការជួញដូរមនុស្សបញ្ជូនមេខ្យល់២នាក់ទៅតុលាការក្នុងករណីជូនមនុស្សទៅរកការងារនៅស្រុកថៃខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាលការិយល័យ ប្រឆាំងការជួញដូរមនុស្សនិងការ ពារអនីតិជនបានបញ្ជូនមេខ្យល់២នាក់ទៅតុលាការដើម្បីដាក់ទោសទៅច្បាប់ក្នុងករណីលួចដឹកមនុស្សឆ្លងដែនទៅប្រទេថៃដោយខុសច្បាប់នៅថ្ងៃទី១៨ ខែមេសា ឆ្នាំជ ២០២១ ។
កម្លាំនគរបាលនៃអធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថាជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ រ៉ម សួន ភេទប្រុសអាយុ ៤៩ឆ្នាំ ជាអ្នកបើករថយន្តម៉ាកនីសាន់មួយបាំងកន្លះ ពណ៌ ក្រហម ពាក់ស្លាកលេខ ក.៦០៧៦ ភ្នំពេញ២ មានទ្រុងដែក និងម្នាក់ទៀតឈ្មោះ អ៊ូច សុជា ភេទប្រុសអាយុ ៤២ឆ្នាំ ជាអ្នករួមដំណើរ អ្នកទាំង២ រស់នៅភូមិអូរស្ងាត់ ឃុំត្រពាំងព្រលិត ស្រុកសំពៅ លូន ខេត្តបាត់ដំបង ។
ប៉ូលីសបញ្ជាក់ឲ្យដឹងបន្តទៀតថាមុនពេលកើតហេតុនោះមេខ្យល់ទាំង២នាក់បានធ្វើសកម្មភាពដឹកពលករខ្មែរប្រុស ស្រី ចំនួន៧នាក់រស់នៅភូមិបឹងឃ្លាំង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បំរុងនាំឆ្លងដែនទៅប្រទេសថៃដឹកមកដល់ចំណុចព្រំដែនស្រុកម៉ាឡៃ ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ធ្វើការឃាត់រថយន្តនៅវេលាម៉ោងម៉ោង១អាធ្រាត្រចូលថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវកងវិស្វកម្ម ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួចនាំខ្លួនទៅធ្វើការសួរនាំនៅអធិការដ្ឋាន ទាំងអ្នកបើករថយន្តនិងពលករប្រុសស្រីទាំង៧នាក់ផងដែរ។លោកបានបញ្ជាក់ឲ្យដឹងទៀតថាយោងតាមការបំភ្លឺរបស់ពលករទាំង៧នាក់បាននិយាយថា ពួកខ្លួនបានទំនាក់ទំនងជាមួយមេខ្សល់ដើម្បីនាំពលករទាំង៧នាក់ចេញទៅធ្វើការនៅប្រទេសថៃ បន្ទាប់មកក៏មានរថយន្តនីសាន់មួយបាំងកន្លះពណ៌ក្រហម មានទ្រុងដែក បើកដោយឈ្មោះរ៉ម សួន បានមកដឹកពួកខ្លួនពីស្រុកមង្គលបូរី ទៅកាន់ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងម្នាក់គេយកតម្លៃ៥០.០០០រៀល ពេលមកដល់ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវកងវិស្វកម្មត្រូវបានសមត្ថកិច្ចឃាត់យកមកសួរនាំ ។ចំណែកឈ្មោះ រ៉ម សួនបានបញ្ជាក់ថា ខ្លួនពិតជាដឹកពលករខ្មែរប្រុស ស្រីទាំង៧នាក់ ពីស្រុកមង្គលបូរី ទៅកាន់ចំណុចផែស្ងួតរបស់លោកស្រី សុបិន្តពិតប្រាកដមែន ដោយយកតម្លៃម្នាក់៥០.០០០រៀល ពេលមកដល់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវកងវិស្វកម្មត្រូវបានសមត្ថកិច្ចឃាត់យកមកសួរនាំតែម្តង ។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិ ជន បានបញ្ជាក់ថា ឈ្មោះ រ៉ម សួន អ្នកបើកនិងឈ្មោះអ៊ូច សុជា អ្នករួមដំណើរ ជាមនុស្សចូលចិត្តជក់ថ្នាំញៀន។ផ្អែកលើចម្លើយបំភ្លឺរបស់ពលករទាំង៧នាក់និងមចម្លើយសារភាពរបស់ជន សង្ស័យសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជូនមេខ្យល់ទាំង២នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ចំណែកពលករទាំង៧នាក់នោះឲ្យត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួន៕