ស្ត្រីម្នាក់ មានជំងឺលើសឈាមប្រចាំកាយ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ស្រាប់តែប្រកាច់ស្លាប់ នៅតាមបណ្តោយផ្លូវ២៧១

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ស្រាប់តែប្រកាច់ស្លាប់តែម្តង ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។សពមានឈ្មោះ ង៉ែត អួន ភេទស្រី អាយុ ៦២ឆ្នាំ សព្វថ្ងៃនៅផ្ទះ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសាច់ញាតិ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ បងស្រីរបស់គាត់មានជំងឺប្រចាំកាយយូរដែរហើយ ដោយគាត់មានជំងឺលើសឈាម និងគ្រុនពោះវៀន ហើយនៅពេលថ្ងៃរសៀលគាត់បានហូបមី រួចហើយគាត់ក៏មានអាការៈមិនស្រួលខ្លួន បានហៅគ្រូពេទ្យមកដាក់សារ៉ូមអស់មួយកំប្លោក នៅតែមិនបាត់ទៀត ទើបហៅកង់បីមកដឹកបញ្ជូនយកទៅមន្ទីរពេទ្យរុស្ស៊ី ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើបានពាក់កណ្តាលផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ក៏ស្រាប់តែបងស្រីរបស់គាត់បានប្រកាច់លើកង់បី ហើយបានប្រាប់ពូកង់បីឱ្យឈប់សិនពូកង់បីបានឈប់ ក៏ស្រាប់តែបងស្រីរបស់គាត់នៅតែប្រកាច់រហូត បណ្តាលឱ្យដាច់ខ្យល់ស្លាប់តែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅខាងក្រុមគ្រូពេទ្យក្រសួងសុខាភិបាលឱ្យចុះមកយកសំណាកទៅពិនិត្យ ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចរាល់ក៏ប្រគល់សពជូនទៅក្រុមគ្រួសារសាច់ញាតិឱ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕