ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះសួរសុខទុក្ខកងកម្លាំងឈរជើង អនុវត្តបំរាមរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ ក្នុងភូមិសាស្ត្រខេត្តកំពត

ខេត្តកំពត៖នៅថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំង ប្រដាប់អាវុធ បានចុះសួរសុខទុក្ខ និងនាំអំណោយថវិកាគ្រឿងឧបភោគបរិភោគ និងម៉ាស ឧបត្ថម្ភជូនដល់កងកម្លាំងឈរជើងត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការចល័តធ្វើដំណើរឆ្លងខេត្តរបស់ប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលដោយជំងឺកូវីដ១៩ នៅលើដងផ្លូវជាតិចំណុចគោលដៅសំខាន់ៗ ចំនួន៣ក្នុងភូមិសាស្ត្រខេត្តកំពត ។

ក្នុងនោះគោលដៅ ទី១-ចំណុចបង្គោលគីឡូម៉ែត្រលេខ៥៣ ផ្លូវជាតិលេខ៤១ ព្រំប្រទល់ក្នុងឃុំស្រែចែង ស្រុកជុំគីរីជាមួយ ខេត្តតាកែវ ទី២-ចំណុចអតីតសកលវិទ្យាល័យភូមិន្ទ តាកែវ-កំពត ផ្លូវជាតិលេខ៣ ក្នុងឃុំនារាយណ៍ ស្រុកឈូក ជាមួយស្រុកត្រាំកក់ ខេត្តតាកែវ និង ទី៣-លើដងផ្លូវជាតិលេខ៣១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥ លេខ៦ ឃុំចំប៉ីស្រុកអង្គរជ័យ ជាមួយខេត្តតាកែវ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសំដែងការកោតសរសើរលើកទឹកចិត្ត ចំពោះអាជ្ញាធរមូលដ្ឋានកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលក្នុងរយៈពេលកន្លងមកតែងបានចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការអនុវត្តវិធានការ បង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ ទទួលបានលទ្ធផលល្អប្រសើរ។

ជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ដែលកម្ពុជាយើងកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ហើយបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន តែងមានការព្រួយបារម្ភយកចិត្តទុកដាក់ខ្ពស់ និងមានការអំពាវនាវណែនាំជំរុញដល់អាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា ឲ្យបង្កើនស្មារតីចូលរួមយកចិត្តទុកដាក់អនុវត្តឲ្យបានសកម្មម៉ឺងម៉ាត់បំផុត តាមរយៈវិធានការសុខាភិបាលគឺ ៣ការពារ ៣កុំ រួមនិងចំណាត់ការព្រមទាំងបទបញ្ជាផ្សេងៗក៏ដូចជាការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីយើងទាំងអស់រួមគ្នាប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះកុំឲ្យឆ្លងរាលដាលបន្តទៀតដល់សហគមន៍។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់អាជ្ញាធរ និងកងកម្លាំងឈរជើងប្រចាំការលើដងផ្លូវចំណុចគោលដៅទាំងអស់ ឲ្យបន្តខិតខំយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពថែមទៀត ពិសេសការចូលរួមអនុវត្តនូវបំរាមក៏ដូចជាសេចក្ដីសម្រេចនិងបទបញ្ជាផ្សេងៗថ្មីៗរបស់ប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការចល័តឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយរបស់ប្រជាពលរដ្ឋ ឲ្យបានម៉ឺងម៉ាត់។ តែការអនុវត្តត្រូវមានភាពទន់ភ្លន់ អនុគ្រោះរាល់ការចេញចូលរបស់ប្រជាពលរដ្ឋដែលមានធុរៈចាំបាច់បន្ទាន់ ឬរថយន្តសេវាដឹកជញ្ជូនទំនិញផ្សេងៗ ដើម្បីយើងរួមគ្នាបង្ការទប់ស្កាត់ជំងឺកូវីដ១៩នេះកុំឲ្យមានការរីករាលដាលឆ្លងដល់ក្នុងសហគមន៍ នៅខេត្តកំពត ក៏ដូចជាការកសាងសេដ្ឋកិច្ចសង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានប្រសើរឡើងវិញផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានឧបត្ថម្ភអំណោយដល់កម្លាំងឈរជើងទាំងបីគោលដៅសរុបចំនួន១៣៦នាក់ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល និងផ្ដល់ជូនគ្រឿងឧបភោគបរិភោគនិងម៉ាស ក្នុងមួយគោលដៅ ទទួលបានទឹកសុទ្ធ ១០កេះ មី១០កេះ ទឹកផ្លែឈើ៥កេះ និងម៉ាស ៥០០ម៉ាសផងដែរ។