សៀមរាប៖ ម៉ាស់ចំនួន ១កេស អាល់កុល ៣០លីត្រ ,ជែល ០២កេស និង ទឹកសុទ្ធ២០០យួរ ត្រូវបានចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប ប្រគល់ជូនរដ្ឋបាលខេត្ត នាពីរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១ ក្រោមវត្តមានរបស់ឯកឧត្តម ពិន ប្រាកដ អភិបាលរង នៃ គណៈអភិបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប ។
តំណាងលោក ហ៊ុន ប៉ូគា ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប លោក សឹង្ហ សំរឹទ្ធិ ជាអនុប្រធាន បាននាំយកអំណោយទៅប្រគល់ជូន និងមានប្រសាសន៍នាឳកាសនោះថា ក្នុងពេលវេលានេះ យើងត្រូវចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋកំពុងជួបនូវវិបត្តិជម្ងឺ កូវិដ-19 សំខាន់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតាមបណ្តាក្រុង ស្រុកមួយចំនួន រងផលប៉ះពាល់នូវជម្ងឺដ៏កាចសាហាវមួយនេះ។ លោកបាន បញ្ជាក់ថា ចលនាយុវជនកម្ពុជា(ក្រុម១៥៧)ប្រចាំខេត្តបានផ្តល់អំណោយ ដល់រដ្ឋបាលក្រុង ស្រុក ក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងជម្ងឺ កូវិដ-១៩ នៅតាមមូលដ្ឋាន ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌ របស់ចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាខេត្តសៀមរាប ដែលបានផ្តល់ជូននូវសម្ភារៈ សម្រាប់បម្រើការក្នុងការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជម្ងឺកូវិដ១៩ ដល់រដ្ឋបាលខេត្តសៀមរាប ។ ឯកឧត្តមក៏បានជម្រាបជូនផងដែរថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និង រាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជម្ងឺកូវិដ១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក និងចំពោះការបិទ ខ្ទប់ភូមិសាស្ត្រសង្កាត់ចំនួន៣ក្នុងក្រុងសៀមរាប ។ ម៉្យាងទៀតលោកបានសំណូមពរដល់ចលនាយុវជនកម្ពុជា(ក្រុម១៥៧)ខេត្តសៀមរាប ក៏ដូចសប្បុរសជន ឲ្យបន្តនូវប្រពៃណីវប្បធម៌ ចែករំលែកនេះទៅតាមបណ្តា ក្រុងស្រុក បន្តទៀតផងដែរ ។ លោក ពិន ប្រាកដ បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង សូមបន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង ៕