ខេត្តបន្ទាយមានជ័យ៖រថយន្ត១គ្រឿង លួចដឹកសត្វមាន់រស់រាប់ពាន់ក្បាលពីប្រទេសថៃ ឆ្លងដែននាំចូលមកខេត្តបន្ទាយមានជ័យ ដោយអត់ច្បាប់ ត្រូវសមត្ថកិច្ចចាប់ឃាត់បាននៅថ្ងៃទី១៨ មន្ត្រីការិយាល័យបសុពេទ្យយកសំណាកផ្ញើទៅពិនិត្យហើយនាថ្ងៃទី១៩ មេសា២០២១។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមវិធានការបង្កាបង្ក្រាប ការចរាចរណ៍សត្វ ពីក្រៅប្រទេស របស់នាយកដ្ឋាន និងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោកបានដាក់មន្ត្រីតាមគោលដៅស្ទាក់ចាប់ឈ្មួញលួចដឹកសត្វរស់ចូលពីប្រទេសជិតខាង ។ លុះនៅវេលាម៉ោង១យប់រំលងអាធ្រាត្រមានរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-3428 ដែលលួចដឹកមាន់រស់ជិត២០០០ក្បាលយកចូលមកខេត្តបន្ទាយមានជ័យត្រូវបានសមត្ថកិច្ចចំរុះឃាត់ក្នុងនោះមានមន្ត្រីការិយាល័យបសុពេទ្យផង ដើម្បីត្រួតពិនិត្យ នៅចំណុចស្រុកអូរជ្រៅ។
លោក ហ៊ុយ ទូច បាននិយាយបន្តថា តាមនីតិវិធីនៃជំនាញ នឹងយកសំណាកផ្ញើទៅពិនិត្យនៅរាជធានីភ្នំពេញ ដើម្បីឲ្យដឹងថា តើសត្វមាន់ទាំងនោះមានជំងឺផ្តាសាយបក្សី ឬមិនមាន ។ តែចំពោះមុខនេះ មន្ត្រីជំនាញនឹងធ្វើការតាមដាន សុខភាពសត្វនេះក្នុងអំឡុង ពេល២ ទៅ៣ថ្ងៃសិន បើមិនមានអ្វីគួឲ្យកត់សម្គាល់ នៃជំងឺផ្តាសាបក្សីទេនោះ មន្ត្រីជំនាញនឹងអនុវត្តតាមនីតិវិធីច្បាប់ ដោយធ្វើការផាកពិន័យ ។
លោកបន្ថែមថា ការបង្កា និងបង្ក្រាប នេះធ្វើឡើងក្នុងគោលបំណង បង្កាការរាលដាលនូវជំងឺផ្តាសាយបក្សី និងជំងឺឆ្លងនានា ដែលអាចកើតមានលើសត្វ និងជាការចូលរួម លើកកម្ពស់ការចិញ្ចឹមសត្វរបស់កសិករក្នុងស្រុក និងម្យ៉ាងទៀតនោះ ឲ្យមានការបង់ពន្ធចូលរដ្ឋផងដែរ ។លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា រីឯសត្វមាន់រស់ទាំងអស់ខាងលើ ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ តាមច្រករបៀងមួយកន្លែង ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យកាត់តាមស្រុកអូរជ្រៅ។ បញ្ជាក់ជាញឹកញាប់មន្ត្រីបសុពេទ្យខេត្តបន្ទាយមានជ័យ តែងធ្វើការបង្ក្រាប និងហាមឃាត់ការនាំចូលសត្វជ្រូក គោ ក្របី មាន់ ទាដែលឈ្មួញលួចនាំចូលដោយខុសច្បាប់ តែទោះជាយ៉ាងណាក៏ដោយ ការលួចនាំចូលនេះនៅតែកើតមាន ទោះបីជានៅតាមព្រំដែនមានសមត្ថកិច្ចយាមកាមព្រោងព្រាត យ៉ាងណាក៏ដោយ ៕ ដោយ៖ឃិន គន្ធា