(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការស្តីទី បានធ្វើការក្រើនរំលឹក ដល់នាយ និងពលទាហាន ត្រូវខិតខំបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការ និងបទបញ្ជានានា របស់ក្រសួងសុខាភិបាល ជាពិសេស បទបញ្ជា និងវិធានការ ស្តីពីការការពារជំងឺឆ្លងកូវីដ-១៩ (គឺ៣ការពារ ៣កុំ) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីខ្លួនយើងផ្ទាល់ គ្រួសារ និងសង្គមជាតិទាំងមូល ។
ប្រសាសន៍ក្រើនរំលឹករបស់លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីគោរពទង់ជាតិ នាព្រឹកថ្ងៃច័ន្ទ ៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ។
លោកបន្តថា បច្ចុប្បន្នជំងឺដ៏កាចសាហាវនេះ កំពុងតែឆ្លងរាលដាលពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត ពាសពេញពិភពលោក រាប់ទាំងប្រទេសកម្ពុជាយើងផងដែរ។ រហូតធ្វើឲ្យប្រមុខរដ្ឋាភិបាល សម្រេចដាក់ចេញ នូវផែនការបិទខ្ទប់តំបន់មួយចំនួនក្នុងប្រទេស ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលពីខេត្តមួយ ទៅកាន់ខេត្តមួយទៀត ទូទាំងប្រទេសជាបណ្ដោះអាសន្ន ។
ដូច្នេះ សូមបងប្អូន ក៏កុំមានការប្រមាថឲ្យសោះ បើទោះបីជាបងប្អូនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទីពីរហើយក្តី ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ពិសេសបទបញ្ជា និងវិធានការ ការពារជំងឺឆ្លងកូវីដ-១៩ (៣ការពារ ៣កុំ) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ គឺ(កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំកុះករ) និង៣ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ចែល អាល់កុល និងរក្សាគម្លាតពី១ម៉ែត្រកន្លះឡើងទៅ៕ដោយ៖ សួនលីណា