(ព្រះវិហារ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការស្តីទី កងពលតូចអន្តរាគមន៍លេខ៨ រួមនិងនាយ ពលទាហាន បានអញ្ជើញចុះសួរសុខទុក្ខពិនិត្យមើលទីកន្លែងឈរជើងយាមកាម ឃាត់ហាមការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ពីខេត្តមួយ ទៅកាន់ខេត្តមួយទៀតជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រព្រំប្រទល់អូរទឹកខៀវ ស្ថិតនៅក្នុងខេត្តព្រះវិហារ នឹងខេត្តឧត្ដរមានជ័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានមានប្រសាសន៍ថា ចំពោះកងកម្លាំងដែលមានភារកិច្ចសហការជាមួយសមត្ថកិច្ចចម្រុះ និងស្ថាប័នពាក់ព័ន្ធនានានៅតាមគោលដៅ បង្កើនការប្រុងប្រយ័ត្ន រឹតបន្តឹងចំពោះការធ្វើដំណើរចេញចូលឆ្លងកាត់ពីខេត្តមួយ ទៅកាន់ខេត្តមួយ របស់ពលរដ្ឋ ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ហើយផ្លាស់ប្តូរវេនគ្នាយាម២៤ម៉ោង លើ២៤ម៉ោង ទាំងថ្ងៃ យប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ ឲ្យបានជោគជ័យ ដើម្បីសង្គមជាតិ និងប្រជាជនរបស់យើង។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បើមិនមានការចាំបាច់អ្វី សូមកុំធ្វើដំណើរចេញពីផ្ទះ និងអនុវត្តវិធានការសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
នៅក្នុងដំណើរចុះសួរសុខទុក្ខខាងលើនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការស្តីទី កងពលតូចអន្តរាគមន៍លេខ៨ បានឧបត្ថម្ភដល់កងកម្លាំងប៉ុស្តិ៍យាមព្រំប្រទល់អូរទឹកខៀវ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៖ ថវិកាចំនួន ១លានរៀល, មី ៨កេះ, ត្រីខ ២កេះ, អង្ក៥ការ៉ុង, ទឹកក្រូច ៥កេះ និង ឧបត្ថម្ភដល់កងកម្លាំងស្នាក់ការសន្តិសុខ អ.២០៦ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៖ ថវិកាចំនួន ២០០ដុល្លា, មី ៨កេះ, ត្រីខ ២កេះ, អង្ក៥ការ៉ុង, ទឹកក្រូច ៥កេះ៕ដោយ៖សួនលីណា