កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម អមដំណើរដោយ អភិបាលរងខេត្ត និង មន្ត្រី ពាក់ព័ន្ធ នារសៀល ថ្ងៃ ទី ២២ ខែមេសា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ចុះ ពិនិត្យ ស្ថានភាព ជាក់ស្ដែង ដល់ លំនៅឋាន របស់ ស្ត្រី ឈ្មោះ ខៀវ ដាឡៃ អាយុ២៨ឆ្នាំ ជាមន្ត្រីស្ម័គ្រចិត្ត នៅមណ្ឌលសុខភាពសំបូរ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ បន្ទាប់ ពី រកឃើញ វិជ្ជមានកូវីត-១៩ ដោយ មានមនុស្ស ៨នាក់ បានប៉ះពាល់ដោយផ្ទាល់ និង១៨នាក់ ប៉ះពាល់ដោយប្រយោល ដើម្បី ជំរុញ ដល់ អ្នក ពាក់ព័ន្ធ ទាំងអស់ ត្រូវ ធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ។
ក្នុង ដំណើរ អញ្ជើញ ចុះពិនិត្យនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ឲ្យ ក្តាប់មុខសញ្ញាដែលប៉ះពាល់ដោយប្រយោល និងដោយផ្ទាល់ ជាមួយ អ្នក វិជ្ជមាន កូវីដ -១៩ ដើម្បី ជំរុញ ការ ធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ក្នុង នោះ អាជ្ញាធរ រួមនឹង មន្ត្រី ពាក់ព័ន្ធ ត្រូវពិនិត្យ និងតាមដានឲ្យបានជាប់ជាប្រចាំ ដើម្បីជួយឧបត្ថម្ភ គាំទ្រដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ឲ្យ បានទាន់ពេលវេលា ផងដែរ ។
ជាមួយ គ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយស្ត្រីខាងលេី ត្រូវ ទៅពិនិត្យសុខភាព និងយកសំណាក់នៅមន្ទីរពេទ្យបង្អែក ដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ក្នុង នោះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ជាពិសេស មិត្តភ័ក្រ្តដែលធ្លាប់ប្រាស្រ័យ ទាក់ទង ជាមួយនឹងអ្នកជំងឺរូបនេះ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋដែលមានហានិភ័យខ្ពស់ ត្រូវតែអនុវត្តយ៉ាងម៉ឹងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ ឲ្យ ជៀសផុតពីជំងឺ ឆ្លង ដ៏ កាច សាហាវ នេះ ។
គួរបញ្ជាក់ថា នៅថ្ងៃទី២២ ម្សិលមិញ នេះ បន្ទាប់ ពី រដ្ឋបាលខេត្ត បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ពីករណីវិជ្ជមានកូវីដ-១៩ លើ ស្ត្រី ខាងលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏ បានចាត់ ឲ្យ មន្ទីរសុខាភិបាល ស្រាវជ្រាវរកអ្នកដែលប៉ះពាល់ ជាមួយ ករណីនេះ ដោយបានបញ្ជូនអ្នកដែលបានប៉ះពាល់ដោយផ្ទាល់មកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធដោយប្រយោលត្រូវបានណែនាំឲ្យធ្វើ ចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវមណ្ឌលសុខភាពសំបូរ ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ដោយមានការពាក់ព័ន្ធ ផងដែរ ៕