កំពង់ចាម: ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះសំបែង ចំនួន៧២គ្រួសារ នៅក្នុងឃុំស្រក ស្រុកកំពង់សៀម ទទួលបានអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ពិធីចែកអំណោយនេះបានធ្វេីឡើងនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ។
បន្ទាប់ពីពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមសោកស្ដាយចំពោះការខូចខាតផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ ដែលបង្កឡើងដោយកត្តាគ្រោះធម្មជាតិនេះ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបង្កេីនការប្រុងប្រយ័ត្ន នៅពេលមានភ្លៀងខ្យល់ផ្គររន្ទះ ព្រោះមានហានិភ័យខ្ពស់ដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេល ជាពិសេសកូនចៅតូចៗ កុំឲ្យចេញក្រៅផ្ទះ ឬនៅទីវាល ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តតាមវិធានការ ៣ការពារ ៣កុំ និង២ចូលរួម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្រសួងសុខាភិបាល ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំអាជ្ញាធរខេត្តកំពង់ចាម ដែលបានធ្វើការអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងបម្រើប្រជាពលរដ្ឋយ៉ាងរស់រវើក និងទាន់ពេលវេលា ដូចក្នុងឱកាសនេះ ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយកថវិកាដែលទទួលបានក្នុងការឧបត្តម្ភនេះ ទៅទិញសម្ភារកសាងលំនៅឋានឡើងវិញ ហើយបន្តមុខរបរបង្កបង្កើនផលឡើងវិញ ផងដែរ ។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៧០គ្រួសារ ដោយមានអង្ករ មី ទឹកត្រី ស៊ីអ៊ីវ ត្រីខ មុង ភួយ សារុង ក្រមា អាវ និងថវិកាមួយចំនួនតាមទំហំនៃការខូចខាត ដែលមានកំរិតធ្ងន់ និងស្រាល ផងដែរ ៕