ខេត្តបាត់ដំបង ៖ បង្គោលស្លាកសញ្ញាបន្ថយល្បឿនអោយនៅត្រឹម ៤០ km/h ចំនួន ២ ត្រូវបានគេបោះឡើង
ទាំងការចូលក្នុងទីប្រជុំជន និងចេញពីទីប្រជុំជន ដែលបញ្ហានេះបានធ្វើអោយប្រជាពលរដ្ឋ ពិសេសគឺអ្នកបើកបរ មានចម្ងល់យ៉ាងខ្លាំង ព្រោះអ្វីដែលសុីសង្វាក់គ្នានោះ គឺក្រុមប៉ូលិសចរាចរណ៍បានយកទីតាំង
បង្គោលដែលមានស្លាកសញ្ញាក្នុងទិសដៅចេញពីទីប្រជុំជន ធ្វើជាទីតាំងត្រួតពិនិត្យល្បឿនយានយន្តតែម្តង ។
គួរបញ្ជាក់ថា ទីតាំងដែលមានស្លាកសញ្ញាទាំងចេញ និងចូល ដូចគ្នានេះ គឺស្ថិតក្នុងភូមិអូរស្ងាត់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយសារតែស្លាកសញ្ញាចរាចរណ៍បន្ថយល្បឿនចូលស្រុកសំពៅលូន ត្រូវបាន បាត់ពីកន្លែងចាស់ ទៅដាំនៅកន្លែងថ្មីវិញ ដែលទីតាំងថ្មីនេះគឺស្ថិតក្នុងទិសដៅចេញពីទីរួមស្រុកសំពៅលូនមកវិញ ( ចេញពីទីប្រជុំជន ទៅកាន់ទីជនបទ ) ។
ថ្មីៗនេះមានរឿងដ៏រសើបនិងភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងស្រុកសំពៅលូន ស្ថិតក្នុងភូមិអូរស្ងាត់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង គឺ បញ្ហាបង្គោលស្លាកសញ្ញាបន្ថយល្បឿន ៤០ km/h ដែលមានទិសដៅចូលទៅក្នុង ស្រុក ប៉ុន្តែមួយរយៈក្រោយមកគេឃើញបង្គោលនេះ ត្រូវបានរត់ចោលកន្លែងចាស់ ទៅនៅកន្លែងថ្មីស្ថិតក្នុងភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង វិញ គឺកើតឡើងក្រោយពីមានការ ដាក់កម្លាំង ចរាចរណ៍ផ្លូវគោកថ្នាក់ខេត្ត ដែលបានចុះមករឹតបន្តឹងពិនិត្យរថយន្តមួយចំនួនក្រែងលោមានលួចបង្កប់ពលករចំណាកស្រុកគេចវេះមិនចូលមណ្ឌលចតា្តឡីស័ក ។
ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនឆ្ងល់ហើយរិះគន់ចំពោះសមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានចុះមកបាញ់ល្បឿនចំគោលដៅដែលស្លាកសញ្ញានេះមានជើង អាចដើរទៅរកទីតាំងដើម្បីបង្វែរទិសចេញពីទីប្រជុំជនវិញ ព្រោះបង្គោលដែលមានទិសដៅ ចូលក្នុងស្រុក ត្រូវបានបន្សល់ស្នាមដក ហើយយកទៅដាំក្នុងទិសដៅ ចេញក្រៅស្រុក ជាទីតាំងថ្មី ដោយគ្មានការចាក់បេតុងត្រឹមត្រូវនោះទេ គេគ្រាន់តែជីករណ្តៅលុបគឺជាការស្រេច ដើម្បីទទួលផលប្រយោជន៍នូវប្រភេទដាក់កាមេរ៉ាចាប់ល្បឿន ។
លោក គា យក់ មន្ត្រីសាធារណការប្រចាំស្រុកសំពៅលូន បានលើកឡើងថា នៅកន្លែង
ដាំថ្មី គឺកាលពីដើមធ្លាប់មានបង្គោលមួយប៉ុន្តែវាបានបាក់រាប់ឆ្នាំមកហើយ ដូច្នេះហើយទើបថ្មីៗនេះ លោកក៏បានយកបង្គោលនេះទៅដាំឡើងវិញ ប៉ុន្តែត្រង់សំណួរថា បើចេញក្រៅទីប្រជុំជន ៤០ km/h ចុះបើចូលក្នុងទីប្រជុំជនវិញ តើមន្ទីរត្រូវប្រើប្រាស់ស្លាកសញ្ញាប៉ុន្មាន km/h វិញ ? គឺលោកមិនបានបកស្រាយនោះឡើយ ។
លោក ស៊ុន ណារ៉ាធិបតី នាយរងការិយាល័យ ចរាចរណ៍ផ្លូវគោក ដែលជាអ្នកដឹកនាំកម្លាំងចុះត្រួតពិនិត្យល្បឿនយានយន្តនៅត្រង់ចំណុចខាងលើ បានបញ្ជាក់ថា ការចុះដាក់គោលដៅបាញ់ល្បឿននេះ គឺលោក
អនុវត្តទៅតាមស្លាកសញ្ញារបស់មន្ទីរសធារណការតែប៉ុណ្ណោះ គឺលោកមិនបានទៅផ្លាស់ប្តូរស្លាកសញ្ញាដោយចិត្តឯងនោះទេ ។
ដោយឡែកលោក ព្រួញ រដ្ឋា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត បានសង្កត់ធ្ងន់តាមរយៈទូរស័ព្ទ
នៅព្រឹកថ្ងៃទី ២៧ ខែមេសា នេះថា រឿងនេះ លោកនឹងធ្វើការសិក្សាឡើងវិញ មិនមែនចេះតែដើរបោះបង្គោលតាមអំពើចិត្តនោះទេ ហើយលោកនឹងសាកសួរទៅមន្ត្រីដែលឈរជើងនៅស្រុកសំពៅលូនដើម្បីចង់ដឹងអំពីបញ្ហានេះ ៕ សោ និយមរ័ត្ន