កំពង់ចាម : ក្នុង ឱកាស នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម កម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យ ២គ្រួសារ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម នាព្រឹក ថ្ងៃ ទី ២៩ ខែមេសា ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ ករណី គ្រោះអគ្គីភ័យ ដែលអាចកើតមានឡេីងគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស ដូច្នេះ ពេលចាកចេញពីផ្ទះ យើង ត្រូវបិទកុងតាក់ភ្លើង ពន្លត់ភ្លើងចង្ក្រាន ធូប ទៀន ជាមុនសិន ដើម្បី បង្ការក្រែងកើតមានមហន្តរាយផ្សេងៗ ។ ម៉្យាងទៀត ការតភ្ជាប់ចរន្តអគ្គិសនី ក៏ត្រូវពិនិត្យរៀបចំ ឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ផងដែរ ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយ ជាមួយក្រុមគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែល បាន បំផ្លិចបំផ្លាញ លំនៅដ្ឋាន និងទ្រព្យសម្បត្តិ អស់គ្មានសល់ ។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ អំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិ សាសន៍ ឬនិន្នាការនយោបាយឡើយ ។
ជាមួយនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋ ឲ្យ លើកកម្ពស់ការថែទាំសុខភាព ឲ្យ បានល្អ រស់នៅត្រូវប្រកាន់ខ្ជាប់អនាម័យស្អាត ជាពិសេស ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា «៣កុំ ៣ការពារ និង ២ចូលរួម» ដើម្បីជៀសផុតពីការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ឲ្យ បាន គ្រប់ៗគ្នា ។
គូសបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនទាំង ២គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបានថវិកា ១លាន ២សែន រៀល និង សម្ភារ ជា គ្រឿង ឧបភោគ បរិភោគ ជាច្រើន ទៀត ។ ដោយឡែក ព្រះសីលសំវរ ព្រះមេគណខេត្ត ក៏បានផ្កល់ទានបន្ថែម បច្ច័យ ចំនួន ៨១ម៉ឺន រៀល និង សម្ភារ ជា គ្រឿង ឧបភោគ បរិភោគ ជាច្រើន ផង ដែរ ។
គួររំលឹកថា កាពីរសៀលថ្ងៃទី២៨ ខែមេសា នេះ មានករណីគ្រោះអគ្គីភ័យមួយ បានកើតឡើង បង្កឲ្យឆេះផ្ទះប្រជាពលរដ្ឋ ២ខ្នង នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម អស់ទាំងស្រុង ។ ក្រៅពីឆាបឆេះផ្ទះ និងបំផ្លាញទ្រព្យសម្បត្តិ ហេតុការណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ៕