កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធនឹងករណីផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដើម្បីដាក់ចេញនូវវិធានការ ទៅដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ បើកយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសុខាភិបាល លោកនាយករដ្ឋបាល និងលោកអភិបាលក្រុង-ស្រុក ពាក់ព័ន្ធផងដែរ។
ជាមួយគ្នានោះ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏បានសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ ក្នុងនោះកម្មករ-កម្មការីនី ចំនួន៣៨នាក់ ធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារី អាយុ០៤ឆ្នាំ ចំនួន០១នាក់ដែលឆ្លងពីម្តាយវិជ្ជមានកូវីដ-១៩ ។
សេចក្តីប្រកាសនោះ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែល រស់នៅក្នុងឃុំកងតាណឹង ឃុំព្រែកកុយ ឃុំស្តៅ និងឃុំរកាអារ ស្រុកកងមាស, ឃុំប្រាំយ៉ាម ឃុំមានជ័យ ឃុំព្រែករំដេង និងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ, ឃុំសំបូរ ឃុំតាំងក្រាំង និងឃុំជាលា ស្រុកបាធាយ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លេីកម្មករ-កម្មការីនីចំនួន ៣៨នាក់ រស់នៅស្រុកកងមាស ២៤នាក់ ស្រុកបាធាយ ០៦នាក់ ស្រុកស្រីសន្ធរ០៨នាក់ និងកុមារីអាយុ០៤ឆ្នាំ ចំនួន០១នាក់ ដែលបានឆ្លងពី ម្តាយជាអ្នកវិជ្ជមានកូវីដ-១៩ ផងដែរ ៕