បញ្ជូនជនជាតិឡាវម្នាក់លួចឆ្លងដែនចូលកាប់ឈើខុសច្បាប់ឲ្យទៅភាគីឡាវវិញ

ខេត្តស្ទឹងត្រែង៖ជនជាតិឡាវម្នាក់លួចឆ្លងដែន ដោយគ្មានលិខិតអនុញ្ញាត្តិ ចូលមកក្នុងទឹកដីកម្ពុជាត្រង់ចំនុចភូមិសាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ ជនជាតិឡាវខាងលើ ត្រូវបានអាជ្ញាធរឈរជើងនៅព្រំដែនកម្ពុជា-ឡាវ បញ្ជូនខ្លួនឲ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ កាលពីថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២១ ម្សិលម៉ិញ ។

លោកឧត្តមសេនីយ៍ទោ ស្វាយ  ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែងបានប្រាប់ឲ្យដឹងថាៈអាជ្ញាធរ និងយោធាព្រំដែនបានបញ្ជូនជនជាតិឡាវម្នាក់ដែលឃាត់ខ្លួនពាក់ព័ន្ធករណីលួចឆ្លងដែនចូលមកប្រព្រឹត្តបទល្មើសខុសច្បាប់ក្នុងទឹកដីកម្ពុជា ទៅឲ្យភាគីប្រទេសឡាវវិញហើយ ។ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការក៏បានឲ្យទៀតថាះនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការឃាត់ខ្លួនជនជាតិឡាវដែលលួចឆ្លងដែនមកប្រព្រឹត្តបទល្មើសក្នុងទឹកដីខេត្តស្ទឹងត្រែង ដូចជាចាប់សត្វព្រៃ កាប់ឈើខុសច្បាប់ ហើយត្រូវសមត្ថកិច្ចការពារព្រំដែនឃាត់ខ្លួន និងបានបញ្ជូនទៅប្រទេសកំណើតវិញដោយរក្សាទំនាក់ទំនងល្អជាមួយគ្នារវាងអាជ្ញាធរ និងអាជ្ញាធរ ។

ចំណែកភាគីឡាវក៏ធ្លាប់ឃាត់ខ្លួនជនជាតិខ្មែរយើងដែរ ហើយក៏បានបញ្ជូនមកឲ្យកម្ពុជាវិញផងដែរ ។ករណីបែបនេះ កើតមានរាប់មិនអស់ ហើយក៏មិនមានការផ្ទុះអាវុធណាមួយកើតឡើងដែរ គឺការរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរបានយ៉ាងល្អ ៕