ខេត្តព្រះសីហនុ៖ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុនាថ្ងៃទី ២៩ខែមេសាឆ្នាំ២០២១នេះបានធ្វើការពិន័យអន្តរ ការណ៍និងណែនាំចំពោះបុគ្គលចំនួន០៣នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។
មនុស្សទាំង០៣នាក់ខាងលើ យោងតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ស្តីពីវិធាន ការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា ១៩ បានកំណត់ថា «ត្រូវពិន័យអន្តរការណ៍ពី ២០០.០០០ (ពីរសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៥.០០០.០០០(ប្រាំលាន)រៀលចំពោះអ្នកទទួល ខុសត្រូវរៀបចំការជួបជុំមនុស្សឬសកម្មភាពសង្គមដទៃទៀតដែលមិនគោរពវិធានការគម្លាតសុវត្ថិភាព»។
ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិណែនាំអ្នកនៅជុំវិញខ្លួនឱ្យអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព ដើម្បីបានចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិយើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតនិងគ្មានការលើកលែងឡើយ។
រដ្ឋបាលខេត្តព្រះសីហនុសូមសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដើម្បី ទប់ ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍៕នាគសមុទ្រ