ខេត្តស្ទឹងត្រែង៖ក្រុមក្មេងស្ទាវចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្រាវជ្រាវនិងឃាត់ខ្លួនបាន ជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពយកដាវចាក់ទៅលើយុវជនម្នាក់ឲ្យរងរបួសនៅទីប្រជុំជន ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ កាលពីព្រលប់ថ្ងៃទី២៧មេសាកន្លងទៅថ្មីៗនេះ ។
បើតាមសមត្ថកិច្ច នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងនៅរសៀលថ្ងៃទី២៩មេសានេះថាៈជនរងគ្រោះឈ្មោះ គង់ ប៊ុននី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បច្ចុប្បន្នរស់នៅក្នុងបន្ទុកគ្រួសារ ។ ចំណែកជនសង្ស័យដៃដល់ និងបក្ខពួកមានគ្នា៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ចំនួន៣នាក់ ក្នុងនោះទី១មាន.ឈ្មោះ ហ៊ន ប៊ុនថន (ហៅ ធី ប៊ុនធឿន ) អាយុ២៣ឆ្នាំ ឃាត់ខ្លួនបាននៅស្រុកឆ្លូង ខេត្តក្រចេះ ។ ទី២.ឈ្មោះ អាង តុលា អាយុ១៨ឆ្នាំ ឃាត់ខ្លួនបាននៅភូមិឆ្វាំង ។ ទី៣.ឈ្មោះ គង់ ចន្ថា (ហៅ ឈីត)អាយុ២៥ឆ្នាំ ឃាត់ខ្លួននៅភូមិឆ្វាំង និងទី៤.ឈ្មោះ ហ៊ុន ម៉េងណាំង (ហៅ ណាង)សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួន ។ក្រោយឃាត់ខ្លួនបាន នៅមុខសមត្ថកិច្ចដៃដល់ជាក្រុមក្មេងស្ទាវខាងលើបានឆ្លើយសារភាពថា:កាលពីខែមិនា កន្លងទៅក្រុមជនសង្ស័យនិងក្រុមជនរងគ្រោះបានឆាតតាមហ្វេសប៊ុកឌឺដងដាក់គ្នា បង្កឲ្យមានកំហឹង និងបង្កើតបានជាគំនុំទើបនៅថ្ងៃទី២៧ ខែមេសាថ្មីៗនេះ ជនសង្ស័យ និងបក្សពួក ក៏បាននាំគ្នាជិះម៉ូតូ២គ្រឿង តាមរកជនរងគ្រោះ។បន្ទាប់ពីឃើញជនរងគ្រោះហើយនោះកំពុងជិះម៉ូតូមានគ្នា៣នាក់(ជនរងគ្រោះជិះកណ្តាល ខណៈកំពុងនៅលើម៉ូតូឈប់ទិញទឹកក្រឡុក បក្ខពួកជនសង្ស័យម្នាក់ ក៏បានចូលទៅរករឿង ហើយយកដាវចាក់ជនរងគ្រោះ ម្នាក់ដែលអង្គុយខាងក្រោយ តែមិនបានគេចផុត ក៏ត្រូវជនរងគ្រោះដែលអង្គុយកណ្ដាលជាប់ដាវ និងខ្នងបណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។ ក្រោយធ្វើសកម្មភាព ជនសង្ស័យមនិងបក្ខពួក បាននាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់ទៅ ។ស្ថិតក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច បានប្រាប់ឲ្យដឹងថាៈក្រោយទទួលបានពាក្យបណ្តឹង ពីក្រុមគ្រួសារជនរងគ្រោះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះស្រាវជ្រាវភ្លាមៗ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ២នាក់នៅភូមិឆ្វាំង ឃុំសំអាង និងបន្តទៅឃាត់ខ្លួនបានបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួនទៅកាន់ស្រុកឆ្លូង ខេត្តក្រចេះ រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីធ្វើការសាកសួរបន្តនិតិវិធី។ រីឯជនសង្ស័យម្នាក់ទៀតដែលកំពុងសំងំលាក់ខ្លួន សមត្ថកិច្ចក៏កំពុងតាមស្វែងរក ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងដាវ១ដើម ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនារសៀលថ្ងៃទី២៩ មេសានេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕