កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យភូមិសាស្ត្របិទខ្ទប់ភូមិ ឃុំ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លេីកម្មករ កម្មការិនី ចំនួន២៤នាក់ រស់នៅស្រុកកងមាស ទៅធ្វើការរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ព្រមទាំងពិនិត្យមណ្ឌលចត្តាឡីស័ករដ្ឋបាលស្រុកកងមាស ដេីម្បីត្រៀមលក្ខណៈសម្រាប់ទទួលប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធ ត្រូវបន្តការគ្រប់គ្រងអ្នកប៉ះពាល់នឹងករណីនេះ ដោយអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុក និងអ្នកប៉ះពាល់ដោយប្រយោល ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ និងបន្តការពង្រឹង គ្រប់គ្រងភូមិសាស្ត្រដែលរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ សំដៅធ្វើយ៉ាងណាទប់ស្កាត់ការចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល ឬបើករបរអាជីរកម្មគ្រប់ប្រភេទ នៅក្នុងភូមិដែលត្រូវបិទខ្ទប់នោះឡេីយ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឲ្យមានការរៀបចំខ្សែសុវត្ថិភាពព័ទ្ធភូមិដែលបិទខ្ទប់ រួមនឹងដាក់បំរាម ចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល និងបន្តផ្សព្វផ្សាយ សារអប់រំ ឲ្យបានជាប់ជាប្រចាំ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសនៅភូមិសាស្ត្រតបិទខ្ទប់ភូមិ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទន្ទឹមនោះរដ្ឋបាលស្រុក ត្រូវបន្តរៀបចំ និងពង្រីកបន្ថែមមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកបន្ថែមពីអ្វីដែលបានរៀបចំកន្លងមក ដើម្បីត្រៀមលក្ខណៈក្នុងករណីផ្ទុះរីករាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ៕