មន្ត្រីនគរបាលខណ្ឌដង្កោម្នាក់ ត្រូវរថយន្តដឹកដីបុកស្លាប់យ៉ាងអាណោចអធម្ម

ភ្នំពេញ ៖ មន្ត្រីនគរបាលខណ្ឌដង្កោម្នាក់ ដឹកប្រពន្ធ និងកូនត្រឡប់ទៅផ្ទះ ក៏ត្រូវរថយន្តបែនដឹកដីធុនធំបុកនិងកិនស្លាប់យ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង៩ យប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចមុខបុរី ប៉េងហួត តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើហេតុ ជនរងគ្រោះបន្ទាប់ពីចប់ភារកិច្ចបានឆ្លៀតពេលមកដឹកប្រពន្ធទៅផ្ទះនៅម្តុំរង្វង់មូលគួរស្រូវ ដោយធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង (ពីភ្នំពេញ ទៅ ខេត្តកណ្ដាល) លុះដល់ចំណុចកើតហេតុ រថយន្ដដឹកខ្សាច់បានបត់ចូលក្នុងការដ្ឋានក៏បានបុកកិនជនរងគ្រោះបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង ។

ជនរងគ្រោះលោកអនុសេនីយ៍ទោ ម៉ៅ ចាន់ឌូ ជាមន្ដ្រីអន្ដរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ អ្នករួមដំណើរ ០២នាក់ ប្រពន្ធ និងកូន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យម្លិះ នៅខណ្ឌដង្កោ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ់ធ្វើការវាស់វែងបានប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ។ 

ចំណែករថយន្ដ និងតៃកុង ត្រូវបាននគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្ដតាមនីតិវិធី ៕