បុត្រាសម្តេចតេជោ​ ឧបត្ថម្ភ​គ្រែ​​២៥០ ខណៈមន្ទីរពេទ្យមេគង្គកំពង់ចាម​នឹងដំណេីរការព្យាបាលអ្នកវិជ្ជមានកូវីដ-១៩​ នៅដេីមខែឧសភានេះ

កំពង់ចាម​:​​ បុត្រា​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ គឺឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ បានជួយឧបត្ថម្ភគ្រែពេទ្យចំនួន ១០០គ្រែ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដា្ឋនស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងលោកជំទាវ បានជួយឧបត្ថម្ភគ្រែពេទ្យចំនួន ១៥០គ្រែ​ សម្រាប់​​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​ ដែល​នឹង​ចាប់ផ្ដើម​បេីក​ដំណើរការ​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ជូនបងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​ នៅ​ដើម​ខែ​ ឧសភា​ ឆ្នាំ​២០២១​នេះ​ ​។  

គួរ​រំលឹក​ផង​ដែរ​ថា​ បន្ទាប់​ពី​ព្រឹត្តិការណ៍​២០កុម្ភៈ​ បានរីក​រាលដាលដល់​​ខេត្តត្បូងឃ្មុំ​ និង​ខេត្តកំពង់ចាម​ សម្តេច​អគ្គមហាសេនាបតី​​តេជោ​ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម​ ឲ្យ​យក​ទីតាំង​ធ្វើ​ចត្តាឡីស័ក​នៃសណ្ឋាគារ​មេគង្គ​ ដែល​មានចំនួន​៧១បន្ទប់​ សម្រាប់​ធ្វើ​​ជា​មន្ទីរពេទ្យ​ព្យាបាល​ អ្នក​វិជ្ជមានវីរុស​​កូវីដ​-១៩​ ។ 

ដោយឡែក​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​កែលំអ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​មន្ត្រីជំនាញពាក់ព័ន្ធ​​​ ​ត្រូវ​ពន្លឿន​ការងារ​នេះ​ ​ឲ្យ​បាន​ឆាប់​រួចរាល់​​​ ទាំង​មាន​គុណភាព​ និង​សោភណភាព​​ ​ក្នុងនោះ​ត្រូវរៀបចំ​បន្ទប់​សម្រាប់​បុគ្គលិក​សុខាភិបាល​ និង​បន្ទប់​ គ្រែ​សម្រាប់​​អ្នក​ជំងឺ​ ដោយមានការ​រៀបចំ​បំពាក់​​សម្ភារ​​បរិក្ខារ​ និង​បណ្តាញ​ទឹក​ ភ្លើង​ថ្មី ព្រមទាំង​​សំអាត​បរិស្ថាន​ក្នុង​អគារ​ និង​ទីធ្លានៅ​ខាង​ក្រៅ​​​ ឲ្យ​បាន​ស្អាត​​ល្អ​ ដេីម្បី​ប្រែ​ក្លាយ​អតីត​សណ្ឋាគារ​មេគង្គ​នេះ​ ឲ្យ​ក្លាយ​​ទៅ​ជា​មន្ទីរពេទ្យ​ ប្រកប​ដោយ​ជំនឿ​និង​ការជឿ​​ទុកចិត្ត​ សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ជូនបងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​ នៅ​ដើម​ខែ​ ឧសភា​ ឆ្នាំ​២០២១​នេះ​ ​។ 

បេីយោងតាម​​​​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ គិត​ត្រឹម​ថ្ងៃ​ទី​១​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុសកូវីដ​-១៩​ ​ថ្មី​ ចំនួន៤នាក់​ ដែល​រស់នៅ​ក្នុង​ស្រុក​មួយ​ចំនួន​ នៃ​ខេត្តកំពង់ចាម​ ។ បច្ចុប្បន្ន​អ្នក​វិជ្ជមាន​កូវីដ​-១៩​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​ មាន​ចំនួន​៦០នាក់​ ក្នុងនោះ​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​ជា​ច្រើន​នាក់ផងដែរ​ ដែល​កំពុង​ធ្វើ​ធ្វើចត្តាឡីស័ក​ ៕