អង្គរ អ៊ីកូ រ៉េស៊ីដិន នាំយកថវិកា និងអំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាបសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ លោក សុខ តុញ និងក្រុមការងារ នៃក្រុមហ៊ុន អង្គរ អ៊ីកូ រ៉េស៊ីដិន បាននាំយកអង្ករ ១តោន មីម៉ាម៉ា ៥០កេស ទឹកសុទ្ធ ៣០កេស ត្រីខ ១០កេស ម៉ាស ១០០ប្រអប់ អាល់កុល ៣បាដុង ទឹកស៊ីអ៊ីវ ៣០យួ ទឹកត្រី ៣០យួ និងថវិកា ១លានរៀល ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងខេត្តសៀមរាប ក្រោមវត្តដ៏ខ្ពង់ខ្ពស់របស់លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ត នៅសាលាខេត្តសៀមរាប ។

លោក ពិន ប្រាកដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលត្រឡប់មកពីក្រៅប្រទេស និងរាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលក្រុង ស្រុក។ ដូច្នេះយើងគ្រប់គ្នាត្រូវគោរពប្រតិបត្តិឲ្យខាងតែបាន នូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និង សេចក្តីណែនាំវិធានការរបស់ក្រសួងសុខាភិបាល ។

លោកបានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ ១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានយ៉ាងល្អប្រសើរ។

រដ្ឋបាលខេត្តសូមថ្លែងអំណរគុណ និងសូមជូនពរ លោក សុខ តុញ និងក្រុមការងារ នៃក្រុមហ៊ុន អង្គរ អ៊ីកូ រ៉េស៊ីដិន ជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

រដ្ឋបាលខេត្ត បន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងកុំមើលស្រាលលើជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តវិធានការ #៣កុំ_កុំនៅបន្ទប់បិទជិត_កុំនៅកន្លែងកុះករ_កុំប៉ះពាល់គ្នា #៣ការពារ_ត្រូវពាក់ម៉ាស់_ត្រូវលាងដៃ_ត្រូវរក្សាគម្លាតបុគ្គល៕