អភិបាលខេត្តត្បូងឃ្មុំ ចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយ កត្តា ធម្មជាតិ ៣០០គ្រួសារ ក្នុងស្រុកអូររាំងឪ និងពិនិត្យ ស្ថានភាព ពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

ត្បូងឃ្មុំ : ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះចែកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន៩តោន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ៣០០គ្រួសារ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ព្រមទាំងផ្តល់ថវិការលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ និងមេភូមិផងដែរ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថា យើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺជីវភាពប្រជាពលរដ្ឋដែលងាយរងគ្រោះ ដូច្នេះយើងត្រូវអនុវត្តឲ្យបានដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង៣ការពារ ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងរីករាលដាលក្នុងសហគមន៍ នៅខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានធ្វើការជម្រុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងស្រុកអូររាំងឳ ពិសេសក្នុងខេត្តត្បូងឃ្មុំទាំងមូល សូមបន្តដាំដំណាំរួមផ្សំ និងបន្លែបង្ការផ្សេងៗដោយយ៉ាងហោចណាស់ក្នុង១ភូមិ មាន២គ្រួសារ ក្នុងនោះមន្រ្តីជំនាញនៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវជួយលើផ្នែកបច្ចេកទេស និងសិក្សាលើទីផ្សារ ដើម្បីឲ្យពួកគាត់អាចរកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក្នុងដំណាក់កាលនៃការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរ ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកផងដែរដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនបើមានបញ្ហាអ្វី ត្រូវរាយការណ៍ជូនថ្នាក់លើ ដើម្បីសិក្សាដោះស្រាយជូនពួកគាត់។

បន្ទាប់មក ឯកឧត្តម ជាម ច័ន្ទសោភ័ណ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងក្រុមគ្រូពេទ្យ ចំនួន ២ទីតាំងក្នុងស្រុកអូររាំងឪ ដោយចែកជូនថវិការក្នុងម្នាក់២មុឺនរៀល និងសំណេះសំណាលកោតសរសើរដល់អាជ្ញាធរស្រុក ដោយក្នុងនោះឧបត្តម្ភលើកទឹកចិត្តដល់កងម្លាំងចំនួន៤០នាក់ អង្ករ៤បេ ត្រីខ២កេសធំ មី១០កេស ទឹកសុទ្ធ២០កេស ម៉ាសនិងអាល់កុល ៤០កញ្ចប់ ព្រមទាំងថវិការចំនួន៨០ម៉ឺនរៀលផងដែរ ៕