(ប៉ៃលិន)៖ ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បាននាំយកនូវអំណោយសង្គ្រោះបន្ទាន់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកតា លោកយាយ ចាស់ជរា គ្មានទីពឹង ចំនួន៦៦នាក់ ក្នុងខេត្តប៉ៃលិន ដែលទទួលរងផល ប៉ះពាល់ក្នុងវិបត្តិកូវីដ-១៩ ។ពិធីនេះប្រព្រិត្តទៅក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ទលប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងយុវជនកាកបាទក្រហមកម្ពុជាខេត្តជាច្រើនរូប ។
ក្នុងឱកាសជួបសំណេះសំណាលនេះដែរ លោកជំទាវ បាន ស្រីមុំ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុនសែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋពិសេសគឺពលរដ្ឋនៅតាមតំបន់ព្រំដែនយើងតែម្តង។ លោកជំទាវអភិបាលខេត្ត បន្ថែមថា៖ ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩ ទើបធ្វើឱ្យជីវភាពប្រជាពលរដ្ឋជាច្រើន ជួបនូវការខ្វះខាត ខណៈពេលមិនអាចចេញទៅប្រកបមុខរបរណាឆ្ងាយ ពីលំនៅឋានខ្លួនបាន ដូចកាលពីមុន ហើយអំណោយទាំងអស់នេះ គ្រាន់តែអាចជួយសម្រាលបន្ទុកមួយរយៈពេលខ្លីប៉ុណ្ណោះ តែក៏នឹងផ្តល់ជូននាពេលក្រោយៗ បន្តទៀត។ ទន្ទឹមនឹងនេះដែរ លោកជំទាវអភិបាលខេត្ត ក៏បានក្រើនរំឮកប្រជាពលរដ្ឋទាំងអស់ ឱ្យចេះថែរក្សាអនាម័យ សម្អាតបរិស្ថានជុំវិញផ្ទះ តាមដងផ្លូវទីសាធារណៈ ឱ្យបានស្អាតជានិច្ច ដើម្បីសុខភាព និងសោភ័ណភាព តែយើងក៏ត្រូវមានការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ ចំពោះបញ្ហាជម្ងឺកូវីដ-១៩ ដ៏កាចសាហាវខាងលើ ដោយត្រូវលាងដៃនឹងសាប៊ូ ឱ្យបានញឹកញាប់ ឬលាងដៃនឹងទឹកអាល់កុល ជែលជាដើម ដើម្បីការពារកុំឱ្យឆ្លងរីករាលដាលនៅក្នុងសហគមន៍ខេត្តប៉ៃលិន។ សូមបញ្ជាក់ថា៖ គ្រឿងឧបភោគបរិភោគ ដែលផ្តលជូនចាស់ជរាទាំងនោះ រួមមានដូចជា៖ អង្ករ៣០គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកសុទ្ធដបធំ១យួរ និងថវិកាមួយចំនួន ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ៕