លំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងនៅតាមក្រុងស្រុកក្នុងទូទាំងខេត្តត្រូវខូចខាត ដោយសារគ្រោះធម្មជាតិ កាលពីយប់ថ្ងៃម្សិលមិញ ព្រមទាំងធ្វើឲ្យមានមនុស្សស្លាប់និងរបួសផងដែរ

តាមរបាយការណ៍បឋមរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ មានហេតុការណ៍ភ្លៀងផ្គរ រន្ទះ លាយឡំនឹងខ្យល់កន្ត្រាក់ផងនោះ បានកើតឡើងនៅតាមបណ្ដាក្រុងស្រុក ក្នុងទូទាំងខេត្តសៀមរាប បានធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងត្រូវទទួលរងនូវខូចខាត និង ក៏បានធ្វើឲ្យមនុស្សស្លាប់ផងដែរ ក្នុងនោះ ៖ 

១. ស្រុកប្រាសាទបាគង ៖ បាក់សំយ៉ាប ផ្ទះប្រជាពលរដ្ឋ១ខ្នង នៅភូមិត្រពាំងរុន  ឃុំអំពិល ប៉ុន្តែពុំមានសមាជិកគ្រួសារណាមួយរងរបួសនិងគ្រោះថ្នាក់ដល់ជីវិតឡើយ ។

២. ស្រុកស្រីស្នំ ៖ ទ្រេតផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងក្នុងភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ប៉ុន្តែមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វទេ ។

៣. ស្រុកអង្គរជុំ ៖ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២២ខ្នង ក្នុងនោះមាន ៖ ឃុំដូនពេង របើកដំបូលចំនួន៥ខ្នង , ឃុំនគរភាស របើកដំបូលចំនួន ៤ខ្នង , ឃុំស្រែខ្វាវ រលំទាំងស្រុងចំនួន ១ខ្នង និង របើកដំបូលធ្ងន់ធ្ងចំនួន១១ខ្នង និង ឃុំតាសោម របើកដំបូលចំនួន ១ខ្នង ប៉ុន្តែពុំមានផលប៉ះពាល់ដល់ជីវិតមនុស្ស និងសត្វឡើយ។

៤. ស្រុកស្វាយលើ ៖ របើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ០៦ខ្នងនិងរបើកដំបូលសាលាឆាន់ វត្ត០១ខ្នង និង របួសបែកក្បាលមនុស្សម្នាក់  តែពុំប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វឡើយ។

៥. ក្រុងសៀមរាប ៖ របើកដំបូលផ្ទះបាយរបស់ប្រជាពលរដ្ឋនៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ។ 

៦. ស្រុកក្រឡាញ់ ៖ បាក់ជណ្ដើរផ្ទះប្រជាពលរដ្ឋ ដោយសារដើមត្នោតរលំសង្កត់ ,  រលំផ្ទះទាំងស្រុង ចំនួន០២ខ្នង   និង របើកដំបូលជាមួយនឹងជញ្ជាំងផ្ទះមួយខ្នង ។

៧. ស្រុកសូទ្រនិគម ៖ រន្ទះបាញ់មនុស្សស្លាប់ចំនួន០២នាក់ , ដើមឈើរលំសង្កត់ស្លាប់មនុស្សមួយនាក់ និង រលំផ្ទះ១ខ្នង ៕