សៀមរាប ៖ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យភេទប្រុស បានចំនួន ១នាក់ នៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី០៩ ខែសីហាឆ្នាំ២០១៤ នៅចំណុចភូមិ គោកត្នោត ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
យោងតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី ម៉ន សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប កម្លាំងការិយាល័យស្រាវជ្រាវ ប្រឆាំងគ្រឿងញៀន នៃមន្ទីស្រាវជ្រាវ និងយុត្តិធម៌ ដែលមានលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការង និងជាប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ បានដឹកនាំកម្លាំងក្នុងអង្គភាពចុះបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន ជួញដូរ ដោយខុសច្បាប់នូវ សារធាតុញៀនខាងលើ បានទាន់ពេលវេលា។
ក្នុងកិច្ចចុះប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ម្នាក់នេះមាន ឈ្មោះ អែម សុខណា ភេទ ប្រុសអាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ មណ្ឌល៣ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប។ ក្នុងករណីនេះដែរ សមត្ថកិច្ច បានដកហូតនូវសារធាតុញៀន សម្ភារ និងវត្ថុតាង ដែលមាន ម៉ាទឹកកក ចំនួន ១១កញ្ចប់ធំ និង១កញ្ចប់តូច ស្មើនិង ៥០,១៥ក្រាម ថ្នាំយ៉ាម៉ា W Y ២៤៣គ្រាប់ ទូរស័ព្ទដៃ ០១ គ្រឿង និងម៉ូតូ ០១ គ្រឿង ព្រមទាំងឧបករណ៍វេចខ្ចប់ និងជក់មួយចំនួនទៀត ។
បច្ចុប្បន្នសមត្ថកិច្ចនៃកងរាជអាវុធហត្ថ ខេត្តសៀមរាប បានធ្វើកំណត់ហេតុ និងកសាងសំណុំរឿង បញ្ជូន ជនសង្ស័យ ព្រមទាំង វត្ថុតាង ទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលពីព្រឹកថ្ងៃទី១១ខែសីហានេះដើម្បីចំណាត់ទៅតាមនិតិវិធីជាបន្ត ៕ រូបភាព និង អត្ថបទ លោក អ៊ិន សីហរិទ្ធ