ប៉េកាំងៈ រថយន្ដក្រុងមួយគ្រឿងបានក្រឡាប់ធ្លាក់ចូលជ្រលងភ្នំមួយនៅទីបេ កាលពីថ្ងៃសៅរ៍ ទី៩ សីហា ២០១៤ បន្ទាប់ពីបុកគ្នាជាមួយរថយន្ដ១គ្រឿងទៀតមកបណ្ដាលឱ្យមនុស្សស្លាប់ ដល់៤៤នាក់ ហើយមនុស្ស១១នាក់ទៀតត្រូវរបួស ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ
រាយការណ៍កាលពីថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០១៤។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ រាយការណ៍បញ្ជាក់ដោយដកស្រង់សម្ដីបណ្ដាអ្នកទទួលខុសត្រូវមូលដ្ឋាន បានរៀបរាប់ថា រថយន្ដក្រុងដែលបានផ្ទុកមនុស្សយ៉ាងហោចណាស់ជាង៥០នាក់នោះបានក្រឡាប់ចូលក្នុងជ្រលងភ្នំមួយបន្ទាប់ពីបុកគ្នាជាមួយរថយន្តម៉ាកស៊ឺបនៅតំបន់ស្វយ័តទីបេនៅប្រទេសចិន។ ភាគច្រើននៃពួកគេមកពីខេត្តចំនួន៤ ហើយការធ្វើដំណើរទៅកាន់តំបន់ខ្ពង់រាបទីបេដ៏ខ្ពស់មួយដោយការធ្វើដំណើរត្រូវឆ្លងកាត់តាមផ្លូវថ្នល់ខ្ពស់ៗ ក្រវិកក្រវក់ និងមានជាន់ថ្នាក់ជាច្រើនអន្លើ ផងនោះ ។
ប៉ូលិសបាននិយាយថា សាកសពត្រូវបានយកចេញ រីឯអ្នករងគ្រោះហើយមានជីវិតរស់នៅឡើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនាតំបន់ឡាស្ហា Lhasa ដើម្បីព្យាបាល ។ នៅលើខ្ពង់រាបទីបេ ជាតំបន់ដែលគេរាប់ថាអាចប្រឈមមុខគ្រោះថ្នាក់មួយជាពិសេសរដូវភ្លៀង ដែលអាចបណ្តាលឲ្យយានយន្តរអិល គ្រោះថ្នាក់ប៉ះទង្គិចគ្នា និងអាចមានមហន្តរាយកើតឡើងបាន៕