ខេត្តកំពតះ ឥឡូវនេះប៉ូលិសអន្តោប្រវេសន៍ស្ថិតក្នុងតំបន់ច្រកទ្វារអន្តរជាតិ ព្រែកចាកចាប់ផ្តើមកៀបសង្កត់អ្នករកសីុដឹកទំនិញ ដោយឃាត់ចាប់ក្រុមដឹកឥវ៉ាន់ឆ្លងដែនតាមមធ្យោបាយម៉ូតូក្នុង១គ្រឿងចាប់ពី៥០០០រៀលទៅ១០០០០រៀល ចំណែកទំនិញដឹកតាមរថយន្ត១គ្រឿងពី៦០០០០ទៅ៨០០០០រៀល ថែមទាំងរកលេសឆែកឆេររកឯកសារពាក់ព័ន្ធផ្សេងទៀត ដូចជាឯកសារបង់ពន្ធជាដើម។
បើតាមសេចក្តីរាយការណ៍ពីអ្នករកសីុដឹកទំនិញឆ្លងដែនតាមម៉ូតូ និងរថយន្តបានឲ្យដឹងថា ឥឡូវនេះការចរាចរទំនិញតាមមាត់ច្រកទ្វារ អន្តរជាតិព្រែកចាកនឹងជួបឧបសគ្គច្រើនខុសពីមុនស្ទើ១០០អង្សាទៅហើយ ដោយសារអស់លោកប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកចាប់ផ្តើមលេងល្បិចឆែកឆេរទំនិញ រួចបង្គាប់ឲ្យបង់ប្រាក់តាមការកំណត់របស់គេ តែប្រសិនយកមិនបានដូមការទាមទារ គេនឹងចាប់ទុកហើយប្រគល់ជូនផ្នែកជំនាញចាត់ការឥឡូវហ្នឹង!។
ប្រភពខាងលើបានបញ្ជាក់ថា បើតាមគេដឹង ការអនុវត្តបែបនេះ គឺប៉ូលិសអន្តោប្រវេសន៍គេកំពុងតែលេងល្បិចដោយបានខ្ចីដៃជំនាញមកប្រើ ដូចជាពេលណាឃើញយានយន្តប្រភេទតូចតាច ដឹកទំនិញឆ្លងកាត់គេនឹងឃាត់រួចពិនិត្យរកឯកសារទើបទារលុយតាមការកំណត់ ពោលបើដឹកតិចយកលុយតិច ហើយបើដឹកច្រើនក៏បង់ច្រើន ប៉ុន្តែបើអ្នកដឹកឥវ៉ាន់ចេះតវ៉ាច្រើនពេក ថែមទាំងបង់លុយមិនគ្រប់ គេនឹងចាប់រួចប្រគល់ដល់ជំនាញឲ្យចាត់ការតាមនិតិវិធីភ្លាមៗតែម្តង។
សេចក្តីរាយការបានបង្ហើបទៀតថា រាល់ការចរាចរទំនិញតាមម៉ូតូស្ថិតក្នុងតំបន់ច្រកទ្វារគឺសុទ្ធតែជាការដោះដូរមុខតំនិញតាមព្រំដែនរវាងប្រទេសជិតខាង ដោយទំនិញទាំងនេះភាគច្រើនដឹកយកមកលក់ចែកចាយក្នុងស្រុកនៃតំបន់ ភូមិសាស្ត្រខេត្តកំពតនិងកែប ប៉ុន្តែបើផ្អែកលើមន្ត្រីជំនាញនានាក្នុងតំបន់ច្រកទ្វារ គេមិនបានគិតថាជាការដោះដូរមុខទំនិញនោះឡើយ គឺចាំតែច្បាមយកដោយគ្មានការយោគយល់។គេបានទំលាយទៀតថា ក្រៅពីអង្គភាពប៉ូលិសអន្តោប្រវេសដែលមានលោក ណុប សារឹម ជាប្រធានប្រចាំច្រកទ្វារអន្តរជាតិ ដែលកំពុងខ្ចីជំនាញគេដើម្បីកេងយកប្រយោជន៍នោះ ក៏មានស្ថាប័នមួយចំនួនទៀតអនុវត្តមិនខុសគ្នាប៉ុន្មានឡើយ ដូចជាការយកច្បាប់មកគំរាមកំហែងក្នុងគោលបំណងធ្វើឲ្យអ្នករកសីុខ្លាចរអាជាដើម។
ចំពោះការឃាត់ទំនិញដែលដឹកតាមប្រភេទយានយន្តគ្រប់ប្រភេទនេះដែរប្រជាពលរដ្ឋបានរិះគន់មកលើអ្នកគ្រប់គ្រងដែលទើបតែកាន់តំណែងថា សម្លឹងមើលឃើញតែលុយ ដោយមិនមានការយោគយល់ដល់អ្នករកសីុបន្តិចឡើយ។ម្យ៉ាងទៀតគេនៅចាំបានថា កាលពីលោក ហាន សុផល គ្រប់គ្រងហាក់មិនសូវគៀបសង្កត់អ្នករកសីុដឹកទំនិញឆ្លងដែនបែបនេះទេ លុះលោក ណុប សារឹម មកកាន់តំណែងជាប្រធានប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិព្រែកចាកមិនទាន់គ្រប់២ខែផង ស្រាប់តែធ្វើទុក្ខបុកម្នេញដល់អ្នករកសីុស្ទើលៀនអណ្តាតមួយចង្អាមទៅហើយៗក្នុងពេលខាងមុខបើលោកប្រធានមិនយោគយល់ដល់អ្នករកសីុដឹកទំនិញទេនោះមុននិងក្រោយពួកគាត់ច្បាស់ជាបោះបង់អាជីបនេះមិនខាន។
ទាក់ទងនឹងករណីប៉ូលិសអន្តោប្រវេសន៍ ធ្វើទុក្ខបុកម្នេញដល់អ្នករកសីុដឹកទំនិញតាមកង់ឬម៉ូតូខាងលើនេះ នៅរសៀលម៉ោង២និង៥០នាទីថ្ងៃទី១១ខែសីហា ស្នាំ២០១៤នេះ កម្ពុជាថ្មីបានព្យាយាមទូរស័ព្ទទៅលោក ណុប សារឹម ប្រធានប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិព្រែកចាក លោកបានបញ្ជាក់យ៉ាងខ្លីថា ក្នុងនាមលោកជាសមត្ថកិច្ចផ្នែកអន្តោប្រវេសន៍គឺមានតួនាទីរក្សាសណ្តាប់ធ្នាប់ព្រំដែន និងត្រួតពិនិត្យរាល់ករណីផ្សេងៗដែលឆ្លងកាត់មាត់ច្រកទ្វារដែលលោកគ្រប់គ្រង ដោយពុំមានការធ្វេសប្រហែសឡើយ ដូចជាការគ្រប់គ្រងអ្នកឆ្លងដែនក៏ដូចជាការចរាចរណ៍ទំនិញជាដើម៕