បន្ទាយមានជ័យ៖មន្ត្រីមានសមត្ថកិច្ច ពិសេសគ្រូពេទ្យជួរមុខក្រុងសិរីសោភ័ណ បាននឹងបន្តយកសំណាកលើអ្នកពាក់ព័ន្ធករណីនៅផ្ទះអឹមប៊ី កណ្តាលក្រុងសិរីសោភ័ណ ខណៈនាំសពខ្មែរទើបមកពីអូស្ត្រាលីដែលវិជ្ជមានកូវីដ ១៩ ទៅបូជា។
អំពីលទ្ធផលលើសំណាក លោកហ៊ឹល រ៉ាយ៉ា ប្រាប់នៅយប់ថ្ងៃទី១៥ខែឧសភាថា៖ លទ្ធផលតេស្តរហ័ស(Rapid Test) លើ២១នាក់ (បូកទាំងសពផង) ឃើញវិជ្ជមានកូវីដ១៩ ចំនួន២នាក់គឺសព១និងជនជាតិថៃ១ ។ ក្រៅពីនោះ អវិជ្ជមាន ។
លោកបានបន្តថា នោព្រឹកថ្ងៃទី១៦ខែឧសភា នេះ គ្រូពេទ្យនឹងបន្តយកសំណាកលើអ្នករត់ម៉ូតូឌុបដែលពាក់ព័ន្ធចំនួន៤នាក់ទៀត ។
សូមរំលឹកថា នៅថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨យប់អ្នកស្រី សាំង សោភាព ភេទស្រី អាយុ៣៧ឆ្នាំ ម្ចាស់ផ្ទះសំណាក់នេះ បានរាយការណ៍ទៅសមត្ថកិច្ចថា មានករណីសាកសពភ្ញៀវដេកស្លាប់ នៅចំណុចផ្ទះសំណាក់ អ៉ឹម ប៊ី ស្នាក់នៅជាន់ទី១ បន្ទុប់ លេខ១០៥ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
ភ្ញៀវមានឈ្មោះ វឿន ចាន់ទីន ភេទប្រុស អាយុ ៣៤ឆ្នាំ ជាវេជ្ជបណ្ឌិតរស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលទេីបតែត្រលប់មកពីប្រទេសអូស្រ្តាលី ។
ជនរងគ្រោះនិងក្រុមគ្រួសារនបានចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០២១ ហើយបានធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅក្រុងភ្នំពេញចំនួន១៤ថ្ងៃ ។ លុះដល់ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០២១ ពួកគេបានបន្តដំណើរមកខេត្តបន្ទាយមានជ័យ ដោយមកស្នាក់នៅផ្ទអសំណាក់អុឹមប៊ី (MB Guest House and Restaurant )ដូចខាងលើ ។ បន្ទាប់មកក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យរកមេរោគកូវីត ១៩ ។ ជាលទ្ធផលវិជ្ជមានកូវីត១៩ហេីយ ក្រោយមកសាកសពត្រូវបានក្រុម វេជ្ជបណ្ឌិត ចាត់ចែងបន្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងនោះ បានវេចខ្ជប់សពយកទៅបូជានៅភ្នំបាក់សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណកាលពីព្រឹកថ្ងៃទី១៥ខែឧសភា ។
គួរបញ្ជាក់ដែរថា ពេលមានករណីខាងលើកើតឡើង អាជ្ញាធរមានសមត្ថកិច្ច ក្រោមការដឹកនាំបញ្ជារបស់លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ដែលអនុវត្តប្រតិបត្តិការដោយលោកហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណនិងសមត្ថកិច្ច កងកម្លាំងចម្រុះ និងគ្រូពេទ្យបានពិនិត្យ យកសំណាករកមេរោគកូវីដ១៩ លើសពក្នុងផ្ទះសំណាក់នោះ ដូចដែលតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
នារាត្រីដល់រំលងអាធ្រាត្រនោះ ដល់ព្រឹកថ្ងៃទី១៥ខែឧសភា មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច គ្រូពេទ្យជួរមុខ បានប្រមូលអ្នកពាក់ព័ន្ធ២១នាក់ (រួមទាំងសព) ដែលក្នុងនោះមានខ្មែរ៩នាក់ /ថៃ១០ /ចិន១នាក់ត្រូវយកសំណាក ៕ដោយ៖ ឃិន គន្ធា





































