អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយ​មនុស្សធម៌​កាកបាទក្រហម​ ចែកជូនពលរដ្ឋ រងគ្រោះដោយ ខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ត្បូងឃ្មុំ:​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្តត្បូងឃ្មុំ​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយ​មនុស្សធម៌​សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៦៥គ្រួសារ នៅ​២ទីតាំង​ផ្សេង​គ្នា​ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ ។ 

ក្នុងឳកាសនោះដែរ​ ឯកឧត្តម​ ជាម​ ច័ន្ទ​សោភ័ណ​ អភិបាលខេត្ត​ត្បូងឃ្មុំ​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែល​តែងតែ​មាន​ក្តី​ព្រួយបារម្ភ និង​គិតគូរពីសុខទុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​​គ្រប់ពេលវេលា។

ជាមួយគ្នា​នោះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានណែនាំ​ដល់អាជ្ញាធរត្រូវក្តាប់ឲ្យជាប់នូវរាល់ជនរងគ្រោះ ជនងាយរងគ្រោះ និងពលរដ្ឋក្រីក្រដោយសារកូវីដ-១៩ ដើម្បីផ្តល់ជូននូវស្បៀងអាហារ និងថវិកា ក្នុងការដោះស្រាយជីវភាពជាក់ស្តែង ដោយមិនទុកឲ្យ​ពលរដ្ឋ​ណាម្នាក់ ស្លាប់ដោយសារអត់អាហារនោះឡើយ។

បន្ថែមពីនោះអាជ្ញាធរ​មូលដ្ឋាន​ ត្រូវបន្តផ្សព្វផ្សាយសារអប់រំ ឲ្យ​បានជាប់ជាប្រចាំដល់ប្រជាពលរដ្ឋ នូវវិធានការ​ ៣ការពារ 3កុំ​ ក៏ដូចជាកម្រិតផាកពិន័យ និងទោសទណ្ឌ  ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការ​បង្ការ​ទប់ស្កាត់​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

បើតាមលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមខេត្ត​ បានឲ្យដឹងថា ចំពោះអំណោយដែលផ្តល់ជូនទាំង១៦៥គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ប្រេងឆា១ដប និងថវិកាចំនួន​ ៥មុឺនរៀលផងដែរ​ ៕